ខេត្តព្រះសីហនុ៖ ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរអន្តរជាតិឲ្យមកកម្សាន្តឆ្នេរសមុទ្រខេត្តព្រះសីហនុដ៏វែងនិងស្រស់ស្អាត លោក យន្ត មីន អភិបាលខេត្តចង់បានជើងហោះហើរត្រង់ដូចខេត្តសៀមរាបនិងរាជធានីភ្នំពេញ ខណៈដែលអាកាសយានដ្ឋានខ្នាតអន្តរជាតិកំពុងដំណើរការបានយ៉ាងល្អ តែចំនួនភ្ញៀវមិនបានកើនឡើងតាមការរំពឹងទុក ។ ជាក់ស្តែងព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី៥មានកីឡាករកីឡាការិនីបរទេសតែជាង១០០នាក់ប៉ុណ្ណោះក្នុងចំណោម១.៣០០នាក់។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី៦ខែមីនាឆ្នាំ២០១៦នៅឆ្នេរអូរឈើទាលថា ចំនួនអ្នករត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី៥នៅខេត្តព្រះសីហនុ មិនសូវកើនឡើង នោះបណ្តាលមកពីបញ្ហាជើងហោះហើរត្រង់មានចំនួនតិច នាំឲ្យភ្ញៀវទេសចរក៏ដូចជាកីឡាករកីឡាការិនីបរទេសពិបាកក្នុងការធ្វើដំណើរ ដោយខុសគ្នាជាមួយនឹងខេត្តសៀមរាប និងរាជធានីភ្នំពេញបើទោះបីបច្ចុប្បន្នខេត្តព្រះសីហនុ កំពុងពង្រឹងសន្តិសុខបានយ៉ាងល្អក៏ដោយក៏ ខេត្តមានបញ្ហាប្រឈមជាមួយជើងហោះហើរត្រង់ពីបណ្តាប្រទេសជិតខាង នេះជាមូលហេតុធ្វើឲ្យភ្ញៀវទេសចរបរទេសនិងអ្នករត់ប្រណាំងជួបការលំបាកក្នុងការធ្វើដំណើរ។
លោកអភិបាលខេត្តបានបន្តទៀតថា ចំពោះព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនេះ បានផ្តល់ផលចំណេញដល់ខេត្តច្រើន ប៉ុន្តែអ្វីដែលធ្វើឲ្យរាំងស្ទះដល់ការធ្វើដំណើរ របស់ភ្ញៀវបរទេសដែលមានបំណងមកកម្សាន្តខេត្តព្រះសីហនុទំនងជួបការលំបាក់ ហើយបញ្ហាទាំងនេះមិនមែន ខ្ញុំតែម្នាក់ឯងអាចធ្វើទៅបាននោះទេលុះត្រាមានការចូលរួមគាំទ្រពីបងប្អូនប្រជាពលរដ្ឋផង។បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងអភិវឌ្ឍ នូវហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរនិងដឹកជញ្ជូនទំនិញផ្សេងៗផងដែរ។
លោកយន្ត មីនក៏បានទទួលស្គាល់ចំពោះទង្វើរបស់បងប្អូនអាជីវករមួយចំនួនដែលតែងតែឆ្លៀត ឱកាសដំឡើងថ្លៃផ្ទះសំណាក់ សណ្ឋាគារ ម្ហូបអាហារក្នុងពិធីបុណ្យទានម្តងៗថា ករណីខាងលើពិតជាបានកើតឡើងជាហូរហែប្រាកដមែន ប៉ុន្តែបញ្ហានេះមិនមែនមានតែខេត្តព្រះសីហនុមួយនោះទេ កន្លែងណាក៏មានដែរ គឺដូចតែគ្នាទេ ហើយអាជ្ញាធរក៏បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជារៀងរហូតដែរទាំងក្នុងវេទិកាសាធារណៈនិងកិច្ចប្រជុំនានារបស់ខេត្ត ប៉ុន្តែពេលខ្លះខ្ញុំពិបាកនិយាយជាមួយពួកគាត់ដែរ ដោយពួកគាត់លើកបញ្ហាថា បន្ទប់ផ្ទះសំណាក់គេតម្រូវឲ្យភ្ញៀវស្នាក់ក្នុង១បន្ទប់តែ២នាក់ប៉ុណ្ណោះប៉ុនែ្តនៅពេលខ្វះបន្ទប់ភ្ញៀវគាត់ស្នាក់រហូតដល់ទៅ១០នាក់ក្នុងមួយបន្ទប់ក៏មានដែរ។ ចំណែកបញ្ហាម្ហូបអាហារក៏ដូចគ្នាដែរ រដូវបុណ្យទានមួយចំនួនបងប្អូនប្រជានេសាទមានការថយចុះ ពីព្រោះពួកគាត់ខ្លះចង់ធ្វើបុណ្យចង់នៅដើរកម្សាន្តជួបជុំគ្រួសាររបស់គាត់ នេះជាហេតុនាំឲ្យខ្វះខាតចំណីអាហារគ្រឿងសមុទ្រសម្រាប់ផ្គត់ផ្គង់ដល់ភ្ញៀវទេសចរដែលមកកម្សាន្តតាមមរណីយដ្ឋាននានារបស់ខេត្តព្រះសីហនុដូច្នេះអាជីវករគាត់ត្រូវការឡើងថ្លៃអាហារគ្រឿងសមុទ្រក្នុងកម្រិតណាមួយហើយក៏មានកន្លែងខ្លះក៏បានឡើងថ្លៃហួសហេតុពេកដែរ៕
ដោយ៖ សារីម