តុលាការយោធាថៃ បានឲ្យដឹងថា បុរសម្នាក់ត្រូវបានចាប់ខ្លួន ពីបទផ្សព្វផ្សាយរូបភាពប៉ះពាល់ដល់របបរាជានិយមអាស្រ័យធម្មនុញ្ញក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ។
សារព័ត៌មានរ៉យទ័របានផ្សាយថា លោក Tiensutham Suttijitseranee ពាណិជ្ជករអាយុ៥៨ឆ្នាំ ទទួលរងការចោទប្រកាន់ពីបទផ្សព្វផ្សាយរូប៥សន្លឹក ប៉ះពាល់ដល់ព្រះមហាក្សត្រ ប៉ះពាល់ដល់របបរាជានិយមអាស្រ័យធម្មនុញ្ញនៅថៃ ។
មេធាវីលោក Tiensutham បានឲ្យដឹងថា នៅក្នុងសាវនាការកាត់ទោសជាសម្ងាត់ លោកTiensutham ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារយ៉ាងតិច៥០ឆ្នាំ ពោលគឺរូបមួយសន្លឹកជាប់គុក១០ឆ្នាំ។ ប៉ុន្តែក្រោយមក ទោសខាងលើក៏ត្រូវបានសម្រាលដោយសារតែ លោក Tiensuthamបានសារភាពពីទោសកំហុសរបស់ខ្លួន។ នៅក្នុងសវនាការក៏មិនអនុញ្ញាតិឲ្យអ្នកសារព័ត៌មានឬសាច់ញ្ញាតិចូលទៅស្តាប់ការកាត់ក្តីនោះឡើយ ។
ទោសប្រមាថម៉ាកងាយដល់របស់រាជានិយមនៅថៃ ត្រូវបានគេចាត់ទុកថា តឹងតែងបំផុតនៅលើពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះសកម្មភាពប៉ះពាល់ឬគម្រាមកំហែងដល់ព្រះមហាក្សត្រ រាជវង្ស ក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារដូចគ្នា ។
ចាប់តាំងពីនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចាឡើងកាន់តំណែង ដឹកនាំប្រទេសជាតិក្រោយការធ្វើរដ្ឋប្រហារ លោកបានប្រកាសថា នឹងដាក់ទោសយ៉ាងធ្ងន់ដល់អ្នកដែលបានប្រមាថមាក់ងាយដល់ព្រះមហាក្សត្រ។
មានជាង២០ករណី កាត់ទោសឲ្យជាប់ពន្ធនាគារ ពាកព័ន្ធនិងករណីខាងលើ ហើយករណីប្រមាថព្រះមហាក្សត្រត្រូវកាត់ទោសជាសម្ងាត់នៅក្នុង តុលាការយោធា ៕