ក្រុម Atletico Madrid បានបរាជ័យក្នុងទឹកដីក្រុម Atletico Bilbao ក្នុងលទ្ធផល២ទល់១ ក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport និងសារព័ត៌មាន MARCA ។
ការតែតបាល់បញ្ចូលទីរបស់កីឡាករ Inigo Martinez បានធ្វើឱ្យការប្រជែងដណ្តើមជើងឯក La Liga កាន់តែបើកចំហថែមទៀត ខណៈដែលក្រុម Atletico Madrid បានចាញ់ Athletic Bilbao កាលពីយប់មិញនេះ។
កីឡាករ Alex Berenguer បានរកគ្រាប់បាល់បញ្ចូលទីមុនសម្រាប់ក្រុមម្ចាស់ផ្ទះ Bilbao នៅនាទីទី៨ ប៉ុន្តែកីឡាករ Stefan Savic របស់ក្រុម Atletico Madrid បានរកគ្រាប់បាល់បញ្ចូលទីតាមស្មើវិញនៅនាទីទី៧៧ ហើយនៅនាទីទី៨៦ ជិតចប់ការប្រកួតទៅហើយកីឡាករ Martinez បានតែតបាល់បញ្ចូលទី១គ្រាប់ទៀត ធ្វើឲ្យចប់ការប្រកួត AtleticoBilbao ឈ្នះ Atletico Madrid ២ទល់១។
ក្រុម Atletico Madrid លើសតែ២ពិន្ទុប៉ុណ្ណោះលើក្រុម Real Madrid និង Barcelona ដោយក្រុម Sevilla ឈរនៅលេខរៀងទី៤។ បច្ចុប្បន្នក្រុម Atletico Madrid ឈរកំពូលតារាងមាន៧៣ពិន្ទុ ក្នុង៣៣ប្រកួត, Real Madrid ឈរចំណាត់ថ្នាក់លេខ២ មាន៧១ពិន្ទុ ក្នុង៣៣ប្រកួត, Barcelona ឈរចំណាត់ថ្នាក់លេខ៣ មាន៧១ពិន្ទុដែរ តែក្នុង៣២ប្រកួត (សល់១ប្រកួតក្នុងដៃ) និងក្រុម Sevilla ឈរចំណាត់ថ្នាក់លេខ៤ មាន៧០ពិន្ទុ ក្នុង៣៣ប្រកួតដែរ ។
ក្រុម Barcelona ដែលជាអ្នកឈ្នះកាលពីថ្ងៃអាទិត្យទៅលើក្រុមVillarreal មានការប្រកួតមួយនៅក្នុងដៃ ហើយអាចឡើងទៅឈរកំពូលតារាងប្រសិនបើផ្តួលក្រុម Granada នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ។
ដូច្នេះការប្រជែងពានរង្វាន់ La Liga នៅរដូវកាលនេះគឺកំពុងតែក្តៅគគុក ដោយក្រុមកំពូលទាំង៤មានពិន្ទុប្រកៀកគ្នាខ្លាំងណាស់ ហើយប្រសិនបើក្រុមណាមួយភ្លាត់ស្នៀតចាញ់នោះគឺនឹងពិបាកក្នុងការតាមទាន់ខ្លាំងណាស់ ៕ដោយ៖ ភារៈ