ភ្នំពេញ៖ បុរសម្នាក់ទំនងជាប្រើប្រាស់គ្រឿងញៀនជ្រុល បានជិះម៉ូតូមួយគ្រឿងមកឈប់កណ្ដាលផ្លូវ២៧១ និងស្រែករវើរវាយហើយដេកប្រកាច់ប្រកិនពេញផ្លូវ បង្ករឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើតាមដង នៅវេលាម៉ោង១១យប់ថ្ងៃ៨ ខែមីនា ឆ្នាំ២០១៦ នៅទល់មុខហាងលក់ផ្លែឈើស្រស់ និងភេសជ្ជៈគ្រប់មុខ ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសដែលសង្ស័យបែកថ្នាំមានឈ្មោះ ថា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកខូលក្លឹប មានទីតាំងតាមផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ស្នាក់នៅម្តុំទួលក្រសាំង ខេត្ត
កណ្តាល ។
បើតាមសំដីអ្នកដែលឃើញហេតុការណ៍ម្នាក់បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ បុរសម្នាក់រូបនោះ បានជិះម៉ូតូម៉ាកគុបជ្រុងសេ៥០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ឆ-៩៩០៥-ភព១ ធ្វើដំណើរតាមផ្លូវ ២៧១ ទិសដៅកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែឈប់ម៉ូតូ រួចស្រែករវើរវាយដេកប្រកាច់ប្រកិនពេញផ្លូវ ពេលនោះក៏ត្រូវបានអ្នកដំណើរ និងអ្នកជិតខាងចាប់ជួយ សែងមកដាក់លើចិញ្ចើមផ្លូវ ព្រោះខ្លាចរថយន្តនិងម៉ូតូកិន រួចក៏បានផ្តល់ដំណឹងទៅដល់សមត្ថកិច្ច មូលដ្ឋាន ឲ្យចុះមកមើល និងបានចាប់បញ្ច្រកទឹក ទើបបុរសរូបនោះ ហាក់បីដូចជារាងស្វាងបន្តិច ហើយក៏ត្រូវអ្នកស្គាល់ដឹកតាមរថយន្តជូនយកទៅផ្ទះ ។
ក្រោយពេលកើតហេតុ ម៉ូតូរបស់បុរសរូបនោះត្រូវសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ដើម្បីរងចាំប្រគល់ឲ្យម្ចាស់ដើមវិញ ៕ ដោយ៖ជីម ភារ៉ា ដង្កោ