ភ្នំពេញ៖ លោកតា លោកយាយ ជនចាស់ជរាគ្មានទីពឹងចំនួន៥០នាក់ រួមជាមួយកុមារកំព្រាប្រមាណ២៥នាក់ ស្ថិតនៅសហគមន៍ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ មកទទួល អំណោយសប្បុរសធម៌ ជាថវិកា និងម្ហូបអាហារ ពីលោកស្រី ម៉ាណ ណាវី អគ្គនាយិការរងអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា កាលពីថ្ងៃទី ០៩ មីនា ឆ្នាំ២០១៦ ។
លោកស្រីម៉ាណ ណាវី តំណាងលោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានឲ្យដឹងថា៖ អំណោយសប្បុរសធម៌ដែលអង្គការមូលនិធិអភិឌ្ឍន៍មុស្លិមកម្ពុជា នាំយកមកចែកជូន ដល់ដៃបងប្អូនប្រជាពលរដ្ឋ ជនចាស់ជរា នៅទីនេះ រួមមានៈ កញ្ចប់ម្ហូប អាហារ មានមី ទឹកត្រី ទឹកអ៊ីវ ស្កសរ អំបិលប៊ីចេង ខ្ទឹម អង្ករ ១០គីឡូក្រាម ម្រេច ទឹកផ្លែ ឈើ១យួរ និងថវិកា ៥ម៉ឺនរៀល ការឧបត្ថម្ភប្រចាំខែនេះជាលើកទី១ សម្រាប់ខែមីនា ឆ្នាំ ២០១៦ផងដែរ ។
លោកស្រីបានបន្ដថា៖ នេះជាជំហានដំបូងសម្រាប់ការផ្តល់ថវិកា និងម្ហូបអាហារប្រចាំខែជូនដល់ជនចាស់ជរាចំនួន៥០ នាក់ រួមជាមួយនិងកុមារកំព្រា ហើយលោកស្រីនឹងបន្តជ្រើសរើសបន្ថែមទៀតតាមលទ្ធភាព ដែលអង្គការមានថវិកា និងសម្ភារៈ ដើម្បីចូលរួមរំដោះទុក្ខលំបាកមួយ ចំនួនជូនដល់ជនក្រីក្រ និងបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធសាសន៍ របស់សម្ដេច អគ្គមហាសេនាបត្ដីតេជោ ហ៊ុន សែន កាត់បន្ថយភាពក្រីក្រ តាមរយៈកៀងគរ ដៃគូរ អង្គការ ក្រុមហ៊ុន នានាឲ្យចូលអភិវឌ្ឍន៍ សង្គមជាតិមានការីកចម្រើន ទៅថ្ងៃអនាគត ។
ក្នុងឱកាសនោះផងដែរ លោកស្រី ម៉ាណណាវី ក៏បានប្រគល់កាដូរ អនុស្សាវរីយ៍ ជូនដល់ក្រុមយុវនារីឥស្លាមចំនួន ៥២នាក់ ក្នុងម្នាក់ៗ ទទួលជាថវិកា២ម៉ឺនរៀល និងសំពត់១ផងដែរ ៕
ដោយ៖ សំរិត