ខេត្តបាត់ដំបង៖ រថយន្តដឹកដីមួយគ្រឿងបើកជែងអ្នកជិះម៉ូតូ ក៏ជ្រុលទៅបុកអ្នកជិះម៉ូតូ ដែលកំពុងបើកបរខាងឆ្វេងដៃពេញទំហឹងកិនបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិអូរទន្ទឹង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដឹកដីដែលកិនជនរងគ្រោះ ជារបស់ក្រុមហ៊ុនមួយ កំពុងស្ថាបនាផ្លូវលេខ១៥៥៧ ចាប់ពីរង្វង់មូលភូមិភ្ជាវ ឆ្ពោះទៅកាន់ច្រកតំបន់៤០០ ស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។ នៅមុនពេលកើតហេតុរថយន្តបង្កបើកជែងនឹងម៉ូតូ នៅចំណុចកើតហេតុនោះក៏ជ្រុលទៅបុកម៉ូតូ១គ្រឿង ពីក្រោយយ៉ាងពេញទំហឹង ខណៈកំពុងបើកបរក្បែរចិញ្ចើមផ្លូវខាងឆ្វេងដៃ រួចកិនជនរងគ្រោះស្លាប់នៅនឹងកន្លែងតែម្ដង។
ប្រភពបានបន្តថា អ្នកបើកបរម៉ូតូទំនងជាទើបនឹងចេញពីបង់ថ្លៃភ្លើង ហើយធ្វើដំណើរទៅផ្ទះនៅ ភូមិសំឡូតចាស់ដល់ចំណុចកើតហេតុក៏ត្រូវរថយន្តបុកតែម្ដង។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្កបានគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុត្រូវសមត្ថកិច្ចយកទៅរក្សាទុក បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកសំឡូត។ ដោយឡែកជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ហើយសមត្ថកិច្ចបាននិងកំពុងរង់ចាំសាច់ញាតិបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី