ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពគាស់បន្ទាប់ជួលប្រជាពលរដ្ឋ ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារភូមិចាប់ឃាត់នាំយកទៅប្រគល់ជូននគគរបាលប៉ុស្តិ៍ចោមចៅ ខណៈដែលម្ចាស់បន្ទប់ ទៅធ្វើការងារបាត់ បង្កឲ្យផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះជួល ភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យមានឈ្មោះ ហ៊ួរ ធារី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួលក្នុងភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិគគ្រោះ ឃុំហួតតាសុខ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
តាមសម្តីប្រជាការពារ បានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាព ឆ្កឹះសោបន្ទប់ជួល របស់បងប្អូនកម្មករ ដែលចាកចេញទៅបំពេញការងារបាត់ ក្នុងសកម្មភាពជាក់ស្តែង ត្រូវបានប្រជាពលរដ្ឋ ឃើញទាន់ រួមជាមួយកម្លាំងប្រជាការពារភូមិនៅក្បែរនោះស្រាប់ នាំគ្នាព័ទ្ធចាប់បានភ្លាមៗ រកឃើញ ឧបករណ៍សម្រាប់ឆ្កឹះសោ ២ដើម និងកាតគ្រីម៉ូតូ ។
ក្រោយពីឃាត់ខ្លួនបាន ជនសង្ស័យ ត្រូវបាននាំខ្លួនប្រគល់ទៅឲ្យនគរបាលប៉ុស្តិ៍ចោមចៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចាត់ការបន្ត ៕
ដោយ៖ សុខាសែនជ័យ