អភិបាលខេត្តកណ្ដាល៖​ ដឹកនាំប្រជុំបន្ទាន់ទាំងកណ្តាលអាធ្រាត្រ ក្រោយរកឃើញកម្មករ-កម្មការិនី នៅរោងចក្រស្តារម៉ាស្ទ័រ & ហ្វ្រេង ស្រុកអង្គស្នួល ២៣២នាក់បន្ថែមទៀត​ វិជ្ជមានកូវីដ១៩

ចែករំលែក៖

ខេត្ត​កណ្ដាល​៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានកោះហៅមន្ត្រីពាក់ព័ន្ធទាំងអស់ បើកអង្គប្រជុំបន្ទាន់មួយនៅវេលាម៉ោង ២យប់ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ស្ថិត​នៅឯសាលាស្រុកអង្គស្នួល ខេត្តកណ្ដាល​ ក្រោយវិទ្យាស្ថានប៉ាស្ទ័រ បានបញ្ជាក់ពីលទ្ធផលតេស្តរកឃេីញថា៖ កម្មករកម្មការិនី បម្រើការងាររោងចក្រស្តារម៉ាស្ទ័រ & ហ្វ្រេង នៅស្រុកអង្គស្នួល មានវិជ្ជមានជំងឺកូវីដ១៩ ចំនួន២៣២នាក់។

ក្នុង​កិច្ច​ប្រជុំ​នោះ​ដែ​ លោក​ គង់ សោភ័ណ្ឌ បា​នលើកឡើងថា ដោយស្ថានការណ៍ នៃការផ្ទុះរាលដាលជំងឺកូវីដ-១៩ មានការឆ្លងរាលដាលកាន់តែខ្លាំង ទៅលើកម្មករ-កម្មការិនី បម្រើការងារនៅរោងចក្រមួយចំនួនស្ថិតនៅស្រុកអង្គស្នួល ទើបចុះមកត្រួតពិនិត្យសភាពការណ៍ និងធ្វើការប្រជុំជាបន្ទាន់ នៅក្នុងបរិវេណសាលាស្រុកអង្គស្នួល ដើម្បីពិភាក្សាបន្ថែម រិះរកមធ្យោបាយបន្តកំណត់មុខសញ្ញាស្រាវជ្រាវស្វែងរកអ្នកសង្ស័យជាប់ពាក់ព័ន្ធដោយផ្ទាល់ ដោយប្រយោលយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩។

សូមជម្រាបថា​ រោងចក្រដែលពាក់ព័ន្ធនឹងបញ្ហានេះមានចំនួន៦រោងចក្រ មានកម្មករ-កម្មការនីខ្ទង់ម៉ឺននាក់ឯណោះ ដែលជាទីបារម្ភយ៉ាងខ្លាំង។ ខណៈរោងចក្រសរុបទាំងអស់នៅស្រុកអង្គស្នួល មានចំនួន ១១៦រោងចក្រ និងមានកម្មករ-កម្មការិនីធ្វើការជាង ៦ម៉ឺននាក់ ក៏ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ផងដែរ ដោយសារពួកគាត់ជិះឡានទៅផ្ទះ និងមកធ្វើការឡូកឡំគ្នាជាមួយអ្នកកើតកូវីដ១៩។

គួរបញ្ជាក់ថា​ បេីយោង​តាមរបាយការណ៍អ្នកដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» ទូទាំងខេត្តកណ្ដាល គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ម្សិលមិញ មានអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលចំនួន ២៣,៨៥៦នាក់។​

ដោយឡែក​ក្នុងនោះមានអ្នកវិជ្ជមានចំនួន ៧៤៧នាក់, ជាសះស្បើយចំនួន ៤២១នាក់, កំពុងព្យាបាល ២៣៩នាក់ ក្នុងនោះមានម្នាក់លាប់ជំងឺកូវីដ-១៩ ជាអ្នកមកពីស្រុកល្វាឯម, ស្លាប់ចំនួន ៣នាក់, យកសំណាក់ធ្វើតេស្តចំនួន ២១,១០៧នាក់, កំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ២,៥៤៨នាក់, កំពុងធ្វើចិត្តាឡីស័កនៅផ្ទះចំនួន ៦,៧៣៤នាក់ និងបញ្ចប់ការធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ៣,០៣៥នាក់ និងនៅផ្ទះចំនួន១០,៩៩៦នាក់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print