ខេត្តកំពង់ឆ្នាំង៖ ភូមិចំនួន២ គឺភូមិកំពង់ព្រះ និងភូមិឆ្នុកទ្រូ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ត្រូវបានអាជ្ញាធរ បានសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នសិន បន្ទាប់ពីរកឃើញជនជាតិវៀតណាម ៤នាក់ វិជ្ជមានកូវីដ-១៩ កាលពីវេលាម៉ោង ៥ និង០០នាទីល្ងាច ថ្ងៃទី២៦ ខែមេសាម្សិលមិញនេះ។
បេីតាមការបញ្ជាក់ពីលោក យិន សារិន អភិបាលស្រុកបរិបូណ៌ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះថា អាជ្ញាធរសម្រេចបិទភូមិទាំង២ ខាងលើ ជាបណ្តោះអាសន្នសិន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងមូលដ្ឋាន ព្រោះថាត្រឹមតែ ២ថ្ងៃ គឺនៅថ្ងៃទី២៥-២៦ ខែមេសាម្សិលមិញ អាជ្ញាធរ និងមន្ត្រីសុខាភិបាល បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤នាក់ ជាជនជាតិវៀតណាម។
អភិបាលស្រុកបរិបូណ៌រូបនេះ បន្តថា ចំពោះអ្នកទាំង ៤នេះ គឺជាគ្រួសារ និងសាច់ញាតិ ដែលរស់នៅជាមួយគ្នារួមមាន៖
ទី១; ឈ្មោះ ជិន ធីហឿង ភេទស្រី អាយុ២៧ឆ្នាំ រកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ; និងរកឃើញវិជ្ជមានកូវីដ-១៩ ៣នាក់ទៀត ឈ្មោះ ហ្វៀង យ៉ាំងហៀង ភេទប្រុស អាយុ៥២ឆ្នាំ, ឈ្មោះ តុង ធីគា ភេទស្រី អាយុ៤៨ ឆ្នាំ, និងឈ្មោះ តុង ធីអៀង ភេទស្រី អាយុ១០ឆ្នាំ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។
បន្ថែមពីនេះលោក យិន សារិន ក៏បានអំពាវនាវចំពោះអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយនឹងអ្នកមានវិជ្ជមានកូវីដ១៩ ទាំង៤នាក់ខាងលើនេះ មានចំនួន៣២នាក់ ក្នុងនោះខ្មែរ២នាក់ ត្រូវបានក្រុមគ្រូពេទ្យបានធ្វើតេស្តលើកទីមួយ តាមឧបករណ៍ថ្មីលទ្ធផលជាបឋម (អវិជ្ជមាន) ហើយត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកបរិបូណ៍ និងមួយចំនួនទៀតអាជ្ញាធរអនុញ្ញាតឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ ដើម្បីតាមដានជាបន្ត។
ដោយឡែកជុំវិញបញ្ហានេះដែរ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានបញ្ជាក់ដែរថា ជនជាតិវៀតណាម ៣នាក់ រស់នៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ដែលរកឃើញវិជ្ជមានតាមឧបករណ៍ថ្មីកាលពីថ្ងៃទី២៦ ខែមេសា មិនទាន់កំណត់ថាជា វិជ្ជមានកូវីដ១៩ នៅឡើយនោះទេ គ្រាន់តែជាលទ្ធផលធ្វើតេស្តជាបឋមតែប៉ុណ្ណោះ ដោយរង់ចាំលទ្ធផលពីប៉ាស្ទ័រ ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលសិន ទើបយកជាផ្លូវការបាន។
លោកប្រធានមន្ទីរសុខាភិបាលខេត្ត បន្តទៀតថា ករណីខាងលើនេះ បើទោះជាមិនទាន់ជាផ្លូវការចេញដោយក្រសួងសុខាភិបាលក៏ដោយ ក៏បុគ្គលិកសុខាភិបាលបន្ទាប់ពីធ្វើតេស្តរហ័សទទួលបានលទ្ធផលបឋមវិជ្ជមានដូចករណីខាង លើនេះ ត្រូវតែធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យសំណាកជាបន្ទាន់ផងដែរ។
ជាមួយគ្នានេះ រដ្ឋបាលស្រុក សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានពិសេសភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ទាំងពលរដ្ឋវៀតណាម ក៏ដូចជាពលរដ្ឋខ្មែរយើង មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់គឺត្រូវអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឲ្យបានម៉ឺងម៉ាត់ ដើម្បីការពារជីវិតខ្លួនយើង និងក្រុមគ្រួសាររបស់យើងក៏ដូចជាសង្គមជាតិយើងផងដែរ៕ដោយ៖សហការី