Update ៖រថយន្តដឹកប្រេងឆេះខូចខាតស្ទើរទាំងស្រុង តែសំណាងល្អមិនបណ្ដាលឲ្យអ្នកបើកបររងរបួស

ចែករំលែក៖

ខេត្តកណ្ដាល៖ រថយន្តដឹកប្រេងមួយគ្រឿង ដែលគេពុំទាន់បានដឹងពីមូលហេតុ​អ្វីឡើយបានឆេះយ៉ាងសន្ធោសន្ធៅ ខូចខាតស្ទើរតែទាំងស្រុង ប៉ុន្តែសំណាងល្អ​ដែរដែលពុំបង្កឲ្យអ្នកបើកបររងរបួសនោះ។ ករណីនេះបានបង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៩និង៣០នាទី ត្រង់ចំណុចភូមិពាមរាំងលើ ឃុំពាមរាំង ស្រុកលើកដែក​ ខេត្តកណ្ដាល។

 មន្ត្រីនគរបាលស្រុកលើកដែកបានឱ្យដឹងថា រថយន្តសាទែនដឹកប្រេងសាំងនិងម៉ាស៊ូតនេះជារបស់ឈ្មោះ គឹម គិន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ ចំណែកតៃកុងឡានឈ្មោះ គិន វណ្ណដេត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ។ចំពោះសម្ភារដែលខូចខាតនោះរួមមាន ឡានដឹកប្រេងសាំង និងម៉ាស៊ូតចំនួន១គ្រឿង, ប្រេងសាំងចំនួន ២០០០លីត្រ, ប្រេងម៉ាស៊ូតចំនួន៤០០០ លីត្រ(ឆាបឆេះអស់ទាំងស្រុង)

ប្រភព​ដដែលបន្តថា នៅថ្ងៃខែកើតហេតុ រថយន្តខាងលើបានដឹកប្រេងសាំងនិងម៉ាស៊ូតបោះឱ្យម៉ូយនៅតាមភូមិ លុះមកដល់ចំណុចភូមិពាមរាំងលើ ឃុំពាមរាំង​ ស្រុកលើកដែក ខេត្តកណ្ដាល​ ដោយពុំដឹងមូលហេតុអ្វីស្រាប់តែឆាបឆេះហើយតៃកុងរថយន្ត បានយកបំពង់ពន្លត់អគ្គិភ័យចំនួន២ធុងមកបាញ់ពន្លត់ហើយនៅតែមិនរលត់ រួចបានបើកគេចចូលទៅក្នុងព្រៃចម្ការស្វាយខាងកើតក្រោយភូមិនិងបានឆាបឆេះយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង។ តែសំណាងល្អ ចំពោះតៃកុងរថយន្តពុំមានគ្រោះថ្នាក់អ្វីទេនិងបានបើកទ្វារថយន្តរត់គេចចេញរួច៕ ដោយ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print