ភ្នំពេញ ៖ នៅថ្ងៃទី២៧ខែមេសាឆ្នាំ២០២១នេះ មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកRools Royes ពាក់ស្លាកលេខ កម្ពុជា BRS.7377 បើកបរដោយបុរសម្នាក់ដែលមិនទាន់ស្គាល់អត្តសញ្ញាណ បានដឹកជនជាតិចិនបីនាក់មានប្រុស២នាក់និងស្រី១នាក់ ដើម្បីឆ្លងកាត់ការត្រួតពិនិត្យរបស់កងកម្លាំង ដែលកំពុងតែឈរជើងប្រចាំគោលដៅបិទខ្ទប់ ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចចាប់ឃាត់ទុកបាន បន្ទាប់ពីមិនមានលិខិតស្នាមណាបញ្ជាក់ថាមានសិទ្ធិឆ្លងកាត់តាមតំបន់ហាមឃាត់ដែលជាវិធានរដ្ឋបាលរបស់រាជរដ្ឋាភិបាល។
ហេតុការណ៍នេះកើតឡើងនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាកន្លែងគោលដៅត្រួតពិនិត្យចុងផ្លូវស្ពានជ្រោយចង្វា នាម្តុំរង្វង់មូលកួចកាណុង ។ បន្ទាប់ពីឃាត់ទុករួចមក កម្លាំងជំនាញប្រចាំគោលដៅបាននាំយកបុរសខ្មែរម្នាក់ជាអ្នកបើករថយន្ត ព្រមទាំងរថយន្តនិងជនជាតិចិនបីនាក់នោះដើម្បីសួរនាំបន្ត និងចាត់ការទៅតាមនិីតិវិធីច្បាប់។
ដោយឡែកជុំវិញករណីនេះដែរ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ក៏បានប្រាប់អង្គភាពកាសែតនគរវត្ត និងគេហទំព័រនគរដ្រេហ្គន តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៧ ខែមេសានេះដែរថា៖ ពិតជាមានករណីឃាត់រថយន្តស៊េរីទំនេីបម៉ាក Rools Royes នេះមែន។ ប៉ុន្តែភ្លាមៗ កម្លាំងរបស់លោក បានប្រគល់ទៅឲ្យកម្លាំងនគរបាលការិយាល័ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការរាជធានីភ្នំពេញ ដេីម្បីអនុវត្តនីតិវិធីបន្ត។
ចំណែកលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានថ្លែងឲ្យដឹងនៅថ្ងៃអង្គារនេះដែរថា ទាក់ទិននឹងបញ្ហាខាងលេី កម្លាំងសមត្ថកិច្ចប្រចាំគោលដៅរង្វង់មូលគួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ បានធ្វើការត្រួតពិនិត្យរថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាក Rools Royes ដោយអ្នកបើកបរម្នាក់ជាទាហាន (មានឋានន្តរស័ក្ដិអនុសេនីយ៍ឯក) និងរួមដំណើរជាមួយជនជាតិចិនប្រុសស្រីចំនួន ៣នាក់។ ភ្លាមនោះដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចគោលដៅ ក៏បានឃាត់ខ្លួនមនុស្សទាំង ៤នាក់នេះ រួចនាំខ្លួនទៅសួរនាំបន្ថែមនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតែម្តង។
សូមជម្រាបថា ក្នុងហេតុការណ៍នេះ មន្ត្រីយោធាដែលជាអ្នកបេីកបររថយន្តខាងលើនេះ មានឈ្មោះ មឿន សាមន បម្រើការងារនៅអង្គភាពបញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក។ បន្ទាប់ពីឃាត់ខ្លួនមន្ត្រីយោធារូបនោះ ក៏បានបញ្ជាក់ថា ខ្លួនបានទទួលបញ្ជាពីថៅកែរបស់ខ្លួនឲ្យយករថយន្តចេញពីក្រុមហ៊ុននៅម្ដុំផ្សារអ៉ីអន២ នៅខណ្ឌសែនសុខ ទៅដឹកជនជាតិចំនួន ៣នាក់ (ស្រី១នាក់) នៅក្លិបស្កាយបា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្នុងគោលបំណងយកទៅអូតែលសុខា ស្រាប់តែបើកមកដល់រង្វង់មូលគួចកាណុង ក៏ត្រូវសមត្ថកិច្ចឃាត់រថយន្តសាកសួររកឯកសារតែម្តង៕ដោយ៖ វណ្ណៈ