ខេត្តព្រះសីហនុ៖ រថយន្តដឹកប្រេងឥន្ធនៈ មួយគ្រឿងមានសណ្តោងរ៉ឺម៉ក របស់ក្រុមហ៊ុន អិល អេច អ (LHR) បានក្រឡាប់ ធ្លាក់ផ្លូវ បណ្តាលឲ្យអ្នកបើកបរម្នាក់បានស្លាប់ នៅនឹងកន្លែងកេីតហេតុ និងព្រូឡានម្នាក់របួសធ្ងន់ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀងខ្លាំងដូចព្យុះលាយលំនឹងមេឃងងឹត មើលផ្លូវមិនឃើញទេីបបង្កគ្រោះថ្នាក់តែម្តង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី២៨ ខែមេសាឆ្នាំ ២០២១ នៅម្តុំអូរថ្មភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
បេីយោងតាមរបាយការណ៍ពីមន្រ្តីនគរបាលស្រុកស្ទឹងហាវ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះថា រថយន្តខាងលេីនេះ គឺបង្កគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង ពុំមានប៉ះពាល់ជាមួយអ្នកដទៃនោះទេ បណ្ដាលឲ្យអ្នកបើកបរស្លាប់ នៅនឹងកន្លែង មានឈ្មោះ នី សុខលីម ភេទប្រុស អាយុ ២៧ ឆ្នាំ ទីលំនៅ ភូមិក្រាំង មេម៉ាយ ឃុំព្រះបាទ ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ ចំណែកអ្នករួមដំណើរ ដែលជាព្រូរថយន្ត ហើយរងរបួសនោះ ឈ្មោះ នី សុខលី ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅជាមួយគ្នា។
របាយការណ៍ដដែល បន្តថា រថយន្តសណ្តោងរុឺម៉កដឹកប្រេងឥន្ធនៈនេះ ពាក់ស្លាកលេខ ភ្នំពេញ 3A-2015 (ក្នុងស៊ីទែន ពុំមានប្រេងទេ) ហើយមូលហេតុដែលក្រឡាប់នេះ ដោយសារមេឃភ្លៀងខ្លាំង ទេីបបណ្ដាលឲ្យរថយន្តធ្លាក់ផ្លូវក្រឡាប់តែម្តង។
ក្រោយកេីតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការីជាមួយមន្រ្តីជំនាញចរាចរណ៍ ចុះដល់កន្លែងកេីតហេតុរួចធ្វេីការវាស់វែងទៅតាមជំនាញ។ ចំណែកសាកសពអ្នកបើកបរ ត្រូវសមត្ថកិច្ចស្រាវជ្រាវរកក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សហការី