ខេត្តមណ្ឌលគិរីៈ សត្វខ្ទីងមួយក្បាលត្រូវបានក្រុមមន្រ្តីការពារព្រៃឈើមណ្ឌលគិរី ល្បាតប្រទះឃើញងាប់ កណ្តាលព្រៃក្នុងតំបន់ ព្រៃការពារមណ្ឌលគិរី ត្រង់ចំណុចអូរផ្លាយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ សង្ស័យរត់មកងាប់ក្រោយពេលគេបាញ់ឲ្យរបួស។
លោក កែវ សុភ៌ អនុប្រធានព្រៃការពារ មណ្ឌលគិរី បាននិយាយថា លោកមានការសោកស្តាយ ជាខ្លាំង នៅពេលដែលសត្វកម្រនេះ ត្រូវបានគេបាញ់សម្លាប់ ជាបន្តបន្ទាប់ ហើយករណីនេះ ត្រូវបានមន្រ្តីព្រៃការពារ មណ្ឌលគិរី ដាក់ការសង្ស័យថា ការបាញ់សម្លាប់ សត្វកម្រនេះ គឺក្រុមយោធាក្នុង កងអនុសេនាធំទី៣ (គ៣) ស្រុកកោះញែក ព្រោះសត្វដែលគេ បាញ់សម្លាប់នោះ ត្រូវបានគេឃើញក្រុមយោធា នោះកំពុងដាក់ហាល សាច់ព្រោងព្រាតនៅទីនោះ។
ចំណែកមន្ត្រី wwf ប្រចាំខេត្តមណ្ឌលគិរី បាននិយាយឱ្យដឹងនៅព្រឹកថ្ងៃទី ៩ ខែមីនា ឆ្នាំ២០១៦ថា ការបាញ់សម្លាប់ សត្វខ្ទីង ដែលជាប្រភេទសត្វ កម្រនៅមណ្ឌលគិរីគឺ កំពុងឈានទៅរកការ បាត់បង់សត្វព្រៃបណ្តើរៗហើយ ។ លោកបានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ទូទាំងខេត្តជួយ បង្កើនវិធានការ ក្នុងការជួយទប់ស្កាត់ ដល់មន្រ្តីកងកំលាំង ក្នុងអង្គភាពមួយចំនួន ដែលកំពុងប្រើប្រាស់អាវុធ ក្នុងការបាញ់សម្លាប់ សត្វព្រៃដ៍កម្រនេះ ដើម្បីថែរក្សាឱ្យបាននូវ ប្រភេទសត្វព្រៃតូច ធំក្នុងតំបន់ព្រោះបច្ចុប្បន្ននេះ នៅខេត្តមណ្ឌលគិរីកំពុងមានការចាប់អារម្ភ យ៉ាងខ្លាំងអំពីវិស័យ ធនធានធម្មជាតិព្រៃឈើ សត្វព្រៃដើម្បីបង្ហាញនៅលើឆាកជាតិ និងអន្តរជាតិ។
មន្ត្រីសាលាខេត្តមណ្ឌលគិរី បាននិយាយឲ្យដឹងនៅព្រឹកថ្ងៃទី ៩ ខែមីនា ឆ្នាំ២០១៦ ថា ក្នុងករណីមានការ បាញ់សម្លាប់សត្វខ្ទីង ខាងលើនេះ លោកនឹងស្នើរ ឱ្យប្រធានអង្គភាពនិងកងកម្លាំងប្រដាប់អាវុធទូទាំង ខេត្តមណ្ឌលគិរី ធ្វើយ៉ាងណាជួយ ស្រាវជ្រាវរកឱ្យឃើញ អ្នកជាប់ពាក់ព័ន្ធ និងការបាញ់សម្លាប់ សត្វខ្ទីងកម្រនេះ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ សហការី