ខេត្តកណ្ដាល៖ បុរស២នាក់ជាមិត្ដភក្ដិនិងគ្នា ផឹកស្រាស្រវឹងកើតជម្លោះឈានដល់ទាញអង្កត់អុសវាយបែកក្បាលហូរឈាមកក្លាក់ជោកខ្លួន ។ ដោយឡែកជនដៃដល់ត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានចាប់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
អំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ នៅភូមិអន្លង់ស្លាត ឃុំលើកដែក ស្រុកកោះធំ ខេត្ដកណ្ដាល ។
មន្ដ្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនមានឈ្មោះ ត្រួយ ផានិត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិអន្លង់ស្លាត ឃុំលើកដែក ស្រុកកោះធំ ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ម៉ៃ ឌុក ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិ-ឃុំ ជាមួយជនសង្ស័យ រងរបួសបែកក្បាលដេរជាច្រើនថ្នេរ ។
ប្រភពដដែលបន្ដថា ជនសង្ស័យនិងជនរងគ្រោះកន្លងមកជាមិត្ដភក្ដិនិងគ្នា មុនពេលកើតហេតុអ្នកទាំង២នាក់បានទិញស្រាសមកផឹកជាមួយគ្នា ។ បន្ទាប់ពីផឹកស្រាស្រវឹងស្រឿងៗហើយនោះអ្នកទាំងក៏កើតមានទំនាស់ពាក្យសម្ដីជាមួយគ្នា រហូតធ្វើឲ្យជនសង្ស័យអត់ទ្រាំមិនបានទាញយកអង្កត់អុសប៉ុនកដៃវាយសម្ពងក្បាលជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ទើបមានប្រជាពលរដ្ឋចូលទៅឃាត់ចាប់បំបែកជនសង្ស័យចេញពីជនរងគ្រោះ ។
ក្រោយមកសមត្ថកិច្ចនគរបាលបានចុះទៅដល់ឃាត់សង្ស័យរួមជាមួយវត្ថុតាងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះធំដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ដោយឡែកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រតិបត្ដិស្រុកកោះធំ ៕
ដោយ៖ ស្អាងជ័យ