ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ កម្លាំងនគរបាលខណ្ឌទួលគោក ដឹកបញ្ចូនជនសង្ស័យ ២នាក់ រួមនិងគ្រឿងញៀនជិត១គីឡូ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរផងដែរ ។
គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៦ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក សហការនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី៣ ចុះបង្ក្រាបបានជាក់ស្តែង នៅចំណុចផ្ទះសំណាក់ខាំហ្វតហោស បន្ទប់លេខ៤០៤ (ជាន់ទី ២ )ដែលមានទីតាំងនៅផ្ទះលេខ២២អា ផ្លូវលេខ១១២ ក្រុមទី១០ ភូមិ២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាលិទ្ធផលឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតមានគ្រឿងញៀនជិត១គីឡូ រួមទាំងសម្ភារៈមួយចំនួនទៀត ។
ប្រតិបត្តិការនេះក្រោមការដឹកនាំពីលោក ស៊ឹម ពិសិដ្ឋ អធិការរងផ្នែកព្រហ្មទណ្ឌ ដោយបញ្ជាផ្ទាល់ពីលោក ហ៊ុន សុធី អធិការនគរបាលខណ្ឌទួលគោក និងមានកិច្ចសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីម្ចាស់ទីតាំង បានចុះបង្ក្រាបសកម្មភាពជួញដូរគ្រឿងញៀន ។
លោក សឹុម ពិសិដ្ឋ អធិការរងផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះ ទី១-ឈ្មោះ សុខ លីន ហៅ កក្កដា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំស្គាល់លេខ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។
ទី២-ឈ្មោះ គឹម សុខហៃ ហៅ ហៃ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះ លេខ៧បេ ផ្លូវលេខ១៣៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ចំណែកឯវត្ថុតាងដែលបានចាប់យកៈ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន ) ចំនួន០៦ កញ្ចប់ធំ (ជិតមួយគីឡូ ), ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនម៉ាក Poket scal ចំនួន ០១គ្រឿង, ទូរស័ព្ទចំនួន ០៤គ្រឿង, ខ្សែកលោហធាតុស្លេក ០១ខ្សែមានបន្តោងរូបព្រះអង្គ, ដបទឹកបរិសុទ្ធកែច្នៃជាឧបករណ៌សំរាប់ជក់គ្រឿង ញៀន ចំនួន០១, ក្បាលកែវសំរាប់ជក់គ្រឿងញៀន ចំនួន០២ និងដងកែវ ចំនួន ០៣ ។
លោក ស៊ឹម ពិសិដ្ឋ បានបន្តទៀតថា ដោយមានការណែនាំពីលោក ហ៊ុន សុធី អធិការនគរបាលខណ្ឌទួលគោក ឲ្យកម្លាំងនគរបាលមូលដ្ឋានទាំងអស់ធ្វើការល្បាតនិងស្រាវជ្រាវតាមផ្ទះសំណាក់ សណ្ឋាគារ ប្លុកឌួងហែម ក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីទប់ស្កាត់ បង្ក្រាបនិងបង្កា បទល្មើស ដែលតែងតែកើតមានឡើងដូចជាករណី ឆក់ លួច ប្លន់ និងជួញដូរគ្រឿងញៀន រហូតដល់ម៉ោងកើតហេតុ ទើបកម្លាំងរបស់លោកធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាក្រុមជនសង្ស័យទាំងនោះថាកំពុងតែលាក់ខ្លួនដែលនៅក្នុងផ្ទះសំណាក់យីហោ ខាំហ្វតហោស ដោយដាក់កម្លាំងឡោមព័ទ្ធផ្ទះសំណាក់នេះ ជាលិទ្ធផលឃាត់ខ្លួនជនសង្ស័យ២នាក់និងរួមទាំងដកហូតវត្ថុតាងជាក់ស្ដែងតែម្តង ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានចៅក្រមសីុបសួរសាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួនបណ្តោះអាសន្ននៅគុកព្រៃសរ ៕
ដោយ៖ ស ដារ៉ា