ក្រុមអ្នកបើកភ្នាល់បាល់នៅខណ្ឌ៧មករា ៤នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅគុកព្រៃស

ចែករំលែក៖

ភ្នំពេញ​៖ សមត្ថកិច្ច​នគរបាល​ខណ្ឌ​៧​មករា បាន​បញ្ជូន​ខ្លួន​ក្រុម​អ្នកបើក​ល្បែងស៊ីសង​ភ្នាល់​បាល់​ចំនួន ៤​នាក់ មក​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ បន្ទាប់ពី​លោក សេង ហៀ​ង តំណាង​អយ្យការ​បាន​សាកសួរ បានសម្រេចយកទៅឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ ព្រែស កាលពី​ព្រឹក ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៦ នេះ ។​

មន្រី្តនគរបាលខណ្ឌ៧មករា បានឲ្យដឹងថា ជនសង្ស័យ​ដែល​បាន​បញ្ជូន​ខ្លួន​នោះ ទី​១.​ឈ្មោះ ហេ​ត រ៉ា​នុត ភេទ​ប្រុស អាយុ​២២​ឆ្នាំ ចោទ​ពីបទ​បើក​គណនី​ភ្នាល់​បាល់​ខុសច្បាប់​, ទី​២.​ឈ្មោះ សុវណ្ណ ធា​រិ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ចោទ​ពីបទ​ទទួល​កត់​ភ្នាល់​បាល់​ដោយ​ខុសច្បាប់​, ទី​៣.​ឈ្មោះ លី ដូ​នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ចោទប្រកាន់​ពីបទ​មើល​ការខុស ត្រូវ​ទីតាំង​ល្បែងភ្នាល់​បាល់​ខុសច្បាប់​ និង ទី​៤.​ឈ្មោះ សួង សុ​ភ័​ក្រ ភេទ​ស្រី អាយុ​២៣​ឆ្នាំ ចោទប្រកាន់​ពីបទ​ទទួល​កត់​ភ្នាល់​បាល់​ដោយ​ខុសច្បាប់ ​។​ ក្នុងនោះដែរសមត្ថកិច្ចបានរក្សាទុកភស្តុតាង​មួយចំនួនដែលបង្ក្រាបបានផងដែរ ។

​មន្រី្តនគរបាលដដែលបានរំលឹកថា  កាលពី​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៦ កន្លងទៅ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​៧​មករា សហការ​ជាមួយ​ព្រះ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចុះបង្ក្រាប​ក​រ​ណី​ល្បែងស៊ីសង​ភ្នាល់​បាល់ តាម​អ៊ី​ន​ធើ​ណេ​ត មួយកន្លែង នៅផ្ទះ​លេខ​២១E0 ផ្លូវ​លេខ​១៦៣ ភូមិ​១០ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ដោយយោង​តាម​ដីកា​លេខ​០១៨ ចុះ​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៦ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ។នៅពេលនោះសមត្ត្ថកិច្ចចម្រុះបាន ឃាត់ខ្លួន​ជនសង្ស័យ​​ចំនួន ៤​នាក់ និង​ដកហូត​បាន ម៉ាស៊ីន​កុំព្យូទ័រ​ចំនួន ១៤​គ្រឿង​, ទូរទស្សន៍​ចំនួន ៤​គ្រឿង​, ទូរ​សព្ទ័​ដៃ​ចំនួន ៤​គ្រឿង​, ម៉ាស៊ីន​ព្រី​ន​ធ័​រ​ចំនួន ៣​គ្រឿង​, ប្រាក់​ដុល្លារ​ចំនួន ១៨៦​ដុល្លារ​, ប្រាក់រៀល​ចំនួន ១៧​ម៉ឺន​រៀល​, ម៉ូតូ​ចំនួន ១៨​គ្រឿង និង​សម្ភារៈ​បម្រើឲ្យ​បទល្មើស​ល្បែងស៊ីសង​មួយចំនួនធំ​។

ប្រជាពលរដ្ឋរស់នៅក្បែរនោះបានឲ្យដឹងថា ទីតាំងភ្នាល់បាល់មួយកន្លែងនេះបានបើក​លេងជាយូរមកហើយ មិនដែលឃើញអាជ្ញាធរមូលដ្ឋានទៅបង្ក្រាបម្តងណាឡើយ ក្រៅពីចូល ទៅលឹបលមួយភ្លែតត្រឡប់មកវិញ និងទំនងជាបានកាដូកញ្ចប់ដាក់ក្នុងស្រោមសំបុត្រផងក៏ មិនដឹង ទើបទុកឲ្យគេបើកលេងយ៉ាងត្រជាក់ចិត្តយ៉ាងនេះ ៕

ចាក់បាល់

ចាប់បាល់

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print