សកម្មភាព​ដឹក​ជញ្ជូន​ឈើ​នៅ​តែ​កើត​មាននៅ​ខេត្តក្រចេះ​ ចំណែក​ឈ្មួញ​ឈើ​ចង់​ប្រកាស​ង្ក្រា​ម​ជាមួយ​សមត្ថកិច្ច​

ចែករំលែក៖

ខេត្តក្រចេះ​៖​ ទោះបីជា​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​តាម​រថយន្ត​យី​ឌុ​ប​ធំៗ​ ត្រូវ​បាន​ស្ងប់ស្ងាត់​ ក្រោយ​ពី​រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ថ្នាក់​ជាតិ​ ចុះ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ តែ​សំរាប់​សកម្មភាព​ដឹកឈើ​តាម​រថយន្ត​កែ​ច្នៃ​ តាម​ទូក​ តាម​រថយន្ត​សាំ​យ៉ុ​ង​ គឺ​នៅ​តែ​កើត​មាននៅ​ក្នុង​ខេត្តក្រចេះ​។​ហើយ​មាន​ពេល​ខ្លះ​ក្រុម​ឈ្មួញ​ទាំងនោះ​បាន​ធ្វើ​សកម្មភាព​ ដូច​ជា​ចង់​ប្រាកា​សស​ង្ក្រា​ម​ជាមួយ​សមត្ថកិច្ច​ ខណៈ​ដែល​សមត្ថកិច្ច​ចុះ​ ទៅ​ត្រួតពិនិត្យ​តែ​ក្រុម​ឈ្មួញ​បាន​កាន់ដំបង​ឬ​ពូថៅ​ដៃ​ គ្រប់ៗ​គ្នា​ហើយ​កំរាម​មក​លើ​សមត្ថកិច្ច​វិញ​ ។​

​ជាក់ស្តែង​កាលពី​យប់​ថ្ងៃ​ទី​៨​ខែមីនា​ វេលា​ម៉ោង​៨​យប់​ គឺ​មាន​ទូក​ដឹកឈើ​ចំនួន​៤​គ្រឿង​ បាន​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញពី​តំបន់​ប៉ែក​ខាងលើ​ក្នុងស្រុក​សំបូរ​ ខេត្តក្រចេះ​ បណ្តែត​តាម​ខ្សែទឹក​ទន្លេមេគង្គ​ រហូត​មក​ដល់​មុខ​ទីរួមខេត្ត​ ទូក​ដឹកឈើ​ទាំងនោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ ចុះ​ទៅ​ត្រួតពិនិត្យ​ តែ​ត្រូវ​ក្រុម​ឈ្មួញ​ឈើ​មាន​គ្នា​ច្រើន​នាក់​ បាន​នាំ​គ្នា​កាន់ដំបង​ ពូថៅ​ដៃ​គ្រប់​ដៃ​ មើលទៅ​ហាក់ដូចជា​ចង់​គំរាម​សមត្ថកិច្ច​ ។​

​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ បាន​និយាយ​ថា​ នៅ​ពេល​ដែល​លោក​បាន​ជិះទូក​ទៅ​ក្បែរ​និង​ទូក​ឈើ​ទាំង​៤​គ្រឿង​ ដែល​មាន​ដឹកឈើ​ក្នុង​មួយ​ទូកៗ​ប្រហែល​ជាង​ ១០​ម៉ែត្រគូប​ ស្រាប់តែ​ក្រុម​ឈ្មួញ​ ដែល​មាន​ថៅកែ​ឈ្មោះ​ តា​ម៉ា​ន​ ជា​ជនជាតិ​ខ្មែរឥស្លាម​ រស់នៅ​ក្នុង​ស្រុ​ក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​ រួម​និង​កម្មករ​ជា​ច្រើន​នាក់​ បាន​នាំ​គ្នា​កាន់ដំបង​ពូថៅ​ដៃ​ គ្រប់​គ្នា​និង​និយាយ​ពាក្យ​មិនល្អ​ខ្លះ​ស្រែក​ឡូលា​មើលទៅ​ដូច​ជា​ចង់​ប្រកាស​ស​ង្ក្រា​ម​ជាមួយ​រូប​គាត់​ ។​

​លោក​បន្ត​ថា​ ខណៈនោះ​លោក​ក៏​បាន​ស្នើរ​សុំ​កម្លាំង​សហការ​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​តែ​កម្លាំង​ជំនាញ​មិន​បាន​សហ​ការណ៍​ ហើយ​ឆ្លើយ​ដាក់​ទៅ​នាក់​នេះ​ឬ​នាក់​នោះ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​លោក​ពិបាក​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ ហើយ​ទូក​ឈើ​ទាំងនោះ​ក៏​បាន​បន្តដំណើរ​ទៅ​មុខ​ដោយ​រលូន​ដោយ​មិន​មានការ​ចាប់​បង្ក្រាប​ ។​

​សេចក្តី​រាយ​ការ​បាន​និយាយ​ថា​ រាល់​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ទាំង​តាម​ផ្លូវទឹក​ និង​ផ្លូវគោក​នៅ​ក្នុង​ខេត្តក្រចេះ​ គឺ​ក្រុម​ឈ្មួញ​តែងតែ​រត់ការ​ជា​មុន​ជាមួយ​សមត្ថកិច្ច​ជំនាញ​ជា​ពិសេស​គឺ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ ដែល​ជា​ហេតុ​នាំ​ឱ្យ​ក្រុម​ឈ្មួញ​បានដៃ​ ហើយ​ពេល​ខ្លះ​ក្រុម​ឈ្មួញ​ទាំងនោះ​ បាន​នាំ​គ្នា​ព្រូត​វាយ​មក​លើ​សមត្ថកិច្ច​ទៀត​ផង​ ខណៈ​ដែល​សមត្ថកិច្ច​ចុះ​ទៅ​ស្ទាក់​ចាប់​បង្ក្រាប​ ។​

​ដោយឡែក​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៧​ ខែមីនា​ ក៏​មាន​ករណី​ក្រុម​រថយន្ត​សាំ​យ៉ុ​ង​ដឹកឈើ​ជន្លង់ម្រេច​ជា​ច្រើន​នាក់​ បាន​ធ្វើ​សកម្មភាព​ព្រួត​វាយ​មក​លើ​កម្លាំង​អាវុធហត្ថ​ក្រុង​ក្រចេះ​ បណ្តាល​ឱ្យ​លោក​ ផាត​ សុភ​ក្រ័​វាសនា​ ជា​មេ​បញ្ចា​ការ​អាវុធហត្ថ​ក្រុង​ក្រចេះ​រង​របួស​។​

​មន្ត្រី​អាវុធហត្ថ​ក្រុង​ក្រចេះ​ បានឱ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​៧​ ខែមីនា​ កម្លាំង​អាវុធហត្ថ​ក្រុង​ មាន​គ្នា​៩​នាក់​ បាន​ចាំ​ស្ទាក់​ចាប់​រថយន្ត​សាំ​យ៉ុ​ង​ដឹកឈើ​ជន្ល​ង​ម្រេច​ នៅ​ក្បាលស្ពាន​ក្នុងភូមិ​កា​ប៉ូ​ ក្នុង​សង្កាត់​អូរ​ស្សី​ ក្រុង​ក្រចេះ​ ខណៈនោះ​មាន​រថយន្ត​៨​គ្រឿង​មាន​ដឹកឈើ​ជន្លង់ម្រេច​ពេញ​ប្រៀប​មក​ដល់​ ហើយ​ត្រូវ​កម្លាំង​អាវុធហត្ថ​ស្ទាក់​ជាប់​ ពេល​នេះ​ស្រាប់តែ​ក្រុម​អ្នក​ដឹកឈើ​ជន្លង់ម្រេច​ប្រដាប់​ដោយ​ដំបង​ និង​ដែក​បំពង់​ទីប​ បាន​លើកគ្នា​មក​ព្រួត​វាយ​មក​លើ​កម្លាំង​អាវុធហត្ថ​ក្រុង​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ក្នុងភូមិ​ ។​

​យ៉ាងណា​ក៏​ដោយ​ក្រោយ​ពី​មានការ​ព្រួត​វាយ​ពី​សំណាក់​អ្នក​ដឹកឈើ​ជន្លង់ម្រេច​ មក​លើ​សមត្ថកិច្ច​បាន​បណ្តាល​ឱ្យ​មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ក្រចេះ​ ឈ្មោះ​ ផាត​ សុភ​ក្រ័​វាសនា​ រង​របួស​ពេល​នោះ​លោក​មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ បាន​ទាញ​កាំភ្លើង​បាញ់​ឡើង​លើ​ចំនួន​២​គ្រាប់​ ដើម្បី​គំរាម​ជន​ទាំងនោះ​និង​រំដោះខ្លួន​ ។​ក្រោយ​ពី​មានការ​ផ្ទុះអាវុធ​រួច​មក​ក្រុម​អ្នក​ដឹកឈើ​ជន្លង់ម្រេច​ខ្លះ​បើករថយន្ត​រត់គេច​ ខ្លះ​ទៀត​នាំ​គ្នា​រើ​ឈើ​ទម្លាក់​ចោល​តាម​មុខ​ផ្ទះ​ពលរដ្ឋ​ហើយ​បើករថយន្ត​គេចខ្លួន​អស់​ ។​

​ពាក់​ព​ន្ឋ​និង​ការ​ដឹក​ជញ្ជូន​ឈើ​ ទាំង​តាម​ផ្លូវទឹក​និង​ផ្លូវគោក​នៅ​ខេត្តក្រចេះ​ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ ពី​លោក​ ទ្រី​ សុ​ភ្រ័​ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ក្រចេះ​ ដោយ​ទួ​រ​ស័ព្ទ​ចុច​ចូល​តែ​លោក​មិន​ទទួល​ ។​យ៉ាងណា​ក៏​ដោយ​បើ​តាម​ការ​ ឱ្យ​ដឹង​ពី​សំណាក់​ពលរដ្ឋ​បាន​អះអាង​ថា​ ការ​ដឹក​ជញ្ជូន​ឈើ​ រាល់​ថ្ងៃនេះ​ គឺ​មានការ​បើក​ផ្លើ​ង​ខៀវ​ ពី​សំណាក់​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ ទើប​មិន​មានការ​ចាប់​បង្ក្រាប​ ៕

IMG-20160309-WA0033

IMG-20160309-WA0034

...

ដោយ៖ កោះ​ទ្រុង​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print