ខេត្តក្រចេះ៖ ទោះបីជាសកម្មភាពដឹកជញ្ជូនឈើតាមរថយន្តយីឌុបធំៗ ត្រូវបានស្ងប់ស្ងាត់ ក្រោយពីរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការថ្នាក់ជាតិ ចុះបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើ តែសំរាប់សកម្មភាពដឹកឈើតាមរថយន្តកែច្នៃ តាមទូក តាមរថយន្តសាំយ៉ុង គឺនៅតែកើតមាននៅក្នុងខេត្តក្រចេះ។ហើយមានពេលខ្លះក្រុមឈ្មួញទាំងនោះបានធ្វើសកម្មភាព ដូចជាចង់ប្រាកាសសង្ក្រាមជាមួយសមត្ថកិច្ច ខណៈដែលសមត្ថកិច្ចចុះ ទៅត្រួតពិនិត្យតែក្រុមឈ្មួញបានកាន់ដំបងឬពូថៅដៃ គ្រប់ៗគ្នាហើយកំរាមមកលើសមត្ថកិច្ចវិញ ។
ជាក់ស្តែងកាលពីយប់ថ្ងៃទី៨ខែមីនា វេលាម៉ោង៨យប់ គឺមានទូកដឹកឈើចំនួន៤គ្រឿង បានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ប៉ែកខាងលើក្នុងស្រុកសំបូរ ខេត្តក្រចេះ បណ្តែតតាមខ្សែទឹកទន្លេមេគង្គ រហូតមកដល់មុខទីរួមខេត្ត ទូកដឹកឈើទាំងនោះត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ចុះទៅត្រួតពិនិត្យ តែត្រូវក្រុមឈ្មួញឈើមានគ្នាច្រើននាក់ បាននាំគ្នាកាន់ដំបង ពូថៅដៃគ្រប់ដៃ មើលទៅហាក់ដូចជាចង់គំរាមសមត្ថកិច្ច ។
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បាននិយាយថា នៅពេលដែលលោកបានជិះទូកទៅក្បែរនិងទូកឈើទាំង៤គ្រឿង ដែលមានដឹកឈើក្នុងមួយទូកៗប្រហែលជាង ១០ម៉ែត្រគូប ស្រាប់តែក្រុមឈ្មួញ ដែលមានថៅកែឈ្មោះ តាម៉ាន ជាជនជាតិខ្មែរឥស្លាម រស់នៅក្នុងស្រុក្រូចឆ្មារ ខេត្តត្បូងឃ្មុំ រួមនិងកម្មករជាច្រើននាក់ បាននាំគ្នាកាន់ដំបងពូថៅដៃ គ្រប់គ្នានិងនិយាយពាក្យមិនល្អខ្លះស្រែកឡូលាមើលទៅដូចជាចង់ប្រកាសសង្ក្រាមជាមួយរូបគាត់ ។
លោកបន្តថា ខណៈនោះលោកក៏បានស្នើរសុំកម្លាំងសហការពីជំនាញរដ្ឋបាលព្រៃឈើតែកម្លាំងជំនាញមិនបានសហការណ៍ ហើយឆ្លើយដាក់ទៅនាក់នេះឬនាក់នោះ ដែលជាហេតុធ្វើឱ្យលោកពិបាកក្នុងការចុះត្រួតពិនិត្យ ហើយទូកឈើទាំងនោះក៏បានបន្តដំណើរទៅមុខដោយរលូនដោយមិនមានការចាប់បង្ក្រាប ។
សេចក្តីរាយការបាននិយាយថា រាល់សកម្មភាពដឹកជញ្ជូនឈើទាំងតាមផ្លូវទឹក និងផ្លូវគោកនៅក្នុងខេត្តក្រចេះ គឺក្រុមឈ្មួញតែងតែរត់ការជាមុនជាមួយសមត្ថកិច្ចជំនាញជាពិសេសគឺជំនាញរដ្ឋបាលព្រៃឈើ ដែលជាហេតុនាំឱ្យក្រុមឈ្មួញបានដៃ ហើយពេលខ្លះក្រុមឈ្មួញទាំងនោះ បាននាំគ្នាព្រូតវាយមកលើសមត្ថកិច្ចទៀតផង ខណៈដែលសមត្ថកិច្ចចុះទៅស្ទាក់ចាប់បង្ក្រាប ។
ដោយឡែកកាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី៧ ខែមីនា ក៏មានករណីក្រុមរថយន្តសាំយ៉ុងដឹកឈើជន្លង់ម្រេចជាច្រើននាក់ បានធ្វើសកម្មភាពព្រួតវាយមកលើកម្លាំងអាវុធហត្ថក្រុងក្រចេះ បណ្តាលឱ្យលោក ផាត សុភក្រ័វាសនា ជាមេបញ្ចាការអាវុធហត្ថក្រុងក្រចេះរងរបួស។
មន្ត្រីអាវុធហត្ថក្រុងក្រចេះ បានឱ្យដឹងថា កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី៧ ខែមីនា កម្លាំងអាវុធហត្ថក្រុង មានគ្នា៩នាក់ បានចាំស្ទាក់ចាប់រថយន្តសាំយ៉ុងដឹកឈើជន្លងម្រេច នៅក្បាលស្ពានក្នុងភូមិកាប៉ូ ក្នុងសង្កាត់អូរស្សី ក្រុងក្រចេះ ខណៈនោះមានរថយន្ត៨គ្រឿងមានដឹកឈើជន្លង់ម្រេចពេញប្រៀបមកដល់ ហើយត្រូវកម្លាំងអាវុធហត្ថស្ទាក់ជាប់ ពេលនេះស្រាប់តែក្រុមអ្នកដឹកឈើជន្លង់ម្រេចប្រដាប់ដោយដំបង និងដែកបំពង់ទីប បានលើកគ្នាមកព្រួតវាយមកលើកម្លាំងអាវុធហត្ថក្រុង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋក្នុងភូមិ ។
យ៉ាងណាក៏ដោយក្រោយពីមានការព្រួតវាយពីសំណាក់អ្នកដឹកឈើជន្លង់ម្រេច មកលើសមត្ថកិច្ចបានបណ្តាលឱ្យមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ឈ្មោះ ផាត សុភក្រ័វាសនា រងរបួសពេលនោះលោកមេបញ្ជាការអាវុធហត្ថក្រុង បានទាញកាំភ្លើងបាញ់ឡើងលើចំនួន២គ្រាប់ ដើម្បីគំរាមជនទាំងនោះនិងរំដោះខ្លួន ។ក្រោយពីមានការផ្ទុះអាវុធរួចមកក្រុមអ្នកដឹកឈើជន្លង់ម្រេចខ្លះបើករថយន្តរត់គេច ខ្លះទៀតនាំគ្នារើឈើទម្លាក់ចោលតាមមុខផ្ទះពលរដ្ឋហើយបើករថយន្តគេចខ្លួនអស់ ។
ពាក់ពន្ឋនិងការដឹកជញ្ជូនឈើ ទាំងតាមផ្លូវទឹកនិងផ្លូវគោកនៅខេត្តក្រចេះ មិនអាចសុំការបំភ្លឺបានទេ ពីលោក ទ្រី សុភ្រ័ នាយខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ ដោយទួរស័ព្ទចុចចូលតែលោកមិនទទួល ។យ៉ាងណាក៏ដោយបើតាមការ ឱ្យដឹងពីសំណាក់ពលរដ្ឋបានអះអាងថា ការដឹកជញ្ជូនឈើ រាល់ថ្ងៃនេះ គឺមានការបើកផ្លើងខៀវ ពីសំណាក់ជំនាញរដ្ឋបាលព្រៃឈើ ទើបមិនមានការចាប់បង្ក្រាប ៕
ដោយ៖ កោះទ្រុង