ភ្នំពេញ៖ ទីតាំងកីឡាស្នូកឃើ អិន អេស ស៊ី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១០២ ផ្លូវលេខ៩៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បើទោះជាទីតាំងដែលមានច្បាប់អនុញ្ញាត ស្របច្បាប់ក៏ដោយ ប៉ុន្តែម្ចាស់ទីតាំងបានប្រព្រឹត្តដោយបំពានច្បាប់ ខណៈលួចបង្កប់នូវប្រភេទល្បែងស៊ីសង ក្នុងនោះមានវង់អាប៉ោងដ៏ធំ ចាញ់ ឈ្នះ ក្នុងមួយថ្ងៃ រាប់ពាន់ រាប់ម៉ឺនដុល្លារ មានទាំងមន្ត្រីធំៗ សមត្ថកិច្ចចូលលេងយ៉ាងស្ងាត់ស្ងៀមបំផុត ។
ក្រុមអ្នកញៀនល្បែងបានបង្ហើប ថា សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បើបង្ក្រាបក៏ពិបាកផងដែរ ដូច្នេះ ទទួលស្គាល់ថា មកយកលុយ ច្រើនជាងបង្ក្រាប ពីព្រោះ ទីតាំងវង់អាប៉ោងដ៏ធំនេះ មាននគរបាលពាក់ផ្កាយ២ ជាអ្នកនៅពីក្រោយខ្នង ក្នុងនោះក៏មានអស់លោក សុទ្ធតែផ្កាយផងដែរ ចូលមកលេងយ៉ាងពពាក់ពពូន ការបើកប្រភេទជាក្លឹបកីឡាស្នូកឃើ គ្រាន់តែរូបភាពនៃការបិទបាំងមុខរបរល្មើសច្បាប់របស់ពួកគេប៉ុណ្ណោះ ។
លោកលោង សំមឿន នាយប៉ុស្តិ៍នគរបាលបឹងត្របែកបានប្រាប់តាមទូរស័ព្ទឲ្យដឹងថា «បើតាមខ្ញុំដឹង កន្លែងនោះ គេមានអាជ្ញាប័ណ្ណ លិខិតអនុញ្ញាតត្រឹមត្រូវ បើមានបើកល្បែងខុសច្បាប់វិញ ខ្ញុំដូចមិនដែលបានដឹង ដូច្នេះចាំឲ្យនគរបាលមណ្ឌលចុះទៅពិនិត្យ មើលសិន» ។
ដោយឡែក លោក យិន សាន អធិការនគរបាលខណ្ឌចំការមនបានប្រាប់តាមទូរស័ព្ទនារសៀល ថ្ងៃទី៩ ខែមីនាថា ខ្ញុំអត់ដឹងសោះ ទីតាំងកន្លែងនោះលេងស្អី ឬបើកអ្វី ប៉ុន្តែបើមានល្បែង ខ្ញុំនឹងឲ្យមន្ត្រីចុះទៅពិនិត្យមើល និងមិនអនុញ្ញាតឲ្យលេងទេ ។
គេពុំបានបញ្ជាក់ថា ម្ចាស់ទីតាំងដែលពឹងផ្អែកសុទ្ធតែសមត្ថកិច្ចពាក់ផ្កាយបើកបនល្បែងនេះ ឈ្មោះអ្វីពិតប្រាកដនោះទេ ប៉ុន្តែគេទទួលស្គាល់ថា មានប្រភេទអ្នកញៀនល្បែងជិះសុទ្ធតែឡានទំនើបៗ ទាំងអ្នករកស៊ី រាជការ សមត្ថកិច្ច នាំគ្នាទៅសម្ងំលេងល្បែងអាប៉ោងក្នុងបន្ទប់យ៉ាងស្ងប់ស្ងាត់ ចាញ់ឈ្នះរាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃ ។ ក្រុមអ្នកញៀនល្បែងបានលើកឡើងថា នៅរាជធានីភ្នំពេញ មានតែកន្លែងហ្នឹងមួយទេ ដែលហ៊ានបើក ហើយប្រមូលបានអ្នកញៀនល្បែងមកពពាក់ពពូនគ្នា ក្នុងមួយថ្ងៃៗ ៕

...
ដោយ៖ សុខ ខេមរា