ភ្នំពេញ៖ បុរសជាជនជាតិបរទេសម្នាក់បានរងរបួសបាក់ជើងម្ខាងនិងម្នាក់ទៀតរងរបួសស្រាល ដោយសារតែត្រូវរថយន្ដម៉ាកព្រូសមួយគ្រឿងបើកក្នុងល្បឿនលឿនបុកពេញទំហឹងត្រង់ចំណុចផ្លូវបំបែកជាបួន ហើយក្រោយពីបុករួចរថយន្ដបានបន្ថែមល្បឿនគេចខ្លួនបាត់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣និង០០នាទីប់ ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៦ នៅចំណុចបណ្ដោយមហាវិថីព្រះមុន្នីវង្ស កែងនិងផ្លូវលេខ៣១០ ស្ថិតក្នុងសង្កាត់ បឹងកេងកងទី៣ ខណ្ឌចំកាមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសជាជនជាតិបរទេសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក វ៉េវ ពណ៌ខ្មៅលាយក្រហម ពាក់ស្លាក់លេខ ភ្នំពេញ1Z-0090 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣១០ ទិសដៅពីលិចទៅកើតហើយបំណងឆ្លងមហាវិថីព្រះមុន្នីវង្សដែលមានភ្លើងសញ្ញាផ្ដល់អទិភាព។ ពេលដែលបំរុងឆ្លងក៏ត្រូវរថយន្ដព្រូសមួយគ្រឿងពណ៍សរ មិនចាំស្លាកលេខបើកក្នុងល្បឿនលឿន ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុន្នីវង្ស ទិសដៅពីជើងទៅត្បូងបានមកបុកពេញទំហឹងបណ្ដាលអោយបុរសជាអ្នកបើកម៉ូតូរងរបួសបាក់ជើងខាងឆ្វេង និងអ្នកជិះពីរក្រោយរងរបួសស្រាល។
ក្រោយពីបង្កហេតុរថយន្ដបង្កបានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ។ ចំណែកម៉ូតូជនរងគ្រោះរងការខូចខាតត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលនគរបាល បឹងកេងកងទី៣ ដើម្បីរងចាំសាច់ញាត្តិមកយកទៅវិញ៕ដោយៈជីម ភារ៉ា