ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងលោកស្រី នៅយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្លាំងប្រជាការពារ ដែលប្រចាំការក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ១៩ ព្រមទាំងបាននាំយកថវិកាឧបត្ថម្ភរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចែកជូនកម្លាំងប្រជាការពារសរុបចំនួន ៨៣នាក់។ មិនតែប៉ុណ្ណោះ លោក សុខ ពេញវុធ និងលោកស្រី ក៏បានណែនាំដល់ប្រជាការពារទាំងអស់ ឲ្យពង្រឹងបន្ថែមការអនុវត្តការងារក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺដ៏កាចសាហាវកូវីដ–១៩នេះ ។
ឆ្លៀតក្នុងឱកាសនេះលោកអភិបាល ក៏បានមានប្រសាសន៍ណែនាំដល់កងកម្លាំងរបស់យើងទាំងអស់បន្តយកចិត្តទុកដាក់គ្រប់គ្រងការចេញចូលរបស់ប្រជាពលរដ្ឋក្នុងតំបន់លឿងទុំដែលមាននៅសង្កាត់ផ្សារចាស់ សង្កាត់ផ្សារកណ្តាលទី១ និងសង្កាត់ផ្សារកណ្ដាលទី២ព្រមទាំងការអនុវត្ត វិធានការ “៣កុំ ៣ការពារ” ឲ្យបានខ្ជាប់ខ្ជួនក្នុងពេលបំពេញភារកិច្ចការងាររបស់ខ្លួន ។
ក្នុងនោះលោកអភិបាល ក៏បានឧបត្ថម្ភថវិកាដល់កម្លាំងប្រជាការពារខណ្ឌសរុបចំនួន ៨៣នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន ២៨០,០០០រៀលនិង ឧបត្ថម្ភដល់កម្លាំងនគរបាលចំនួន ២០០,០០០រៀល សរុបរួមចំនួន ២៣,៥៩០,០០០រៀល និង ប្រេងម៉ាស៊ូត ៥០លីត្រ ដែលជាការឧបត្ថម្ភរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ៕ដោយ៖ស តារា