ក្រុមប្រឹក្សាខេត្តខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី ២៣ អាណត្តិទី ៣

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖  នៅព្រឹកថ្ងៃទី ថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ៥ខែឧសភា ឆ្នាំ ២០២១ រដ្ឋបាលខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តលើកទី២៣ អាណត្តិទី ៣ ក្រោមអធិបតីភាពលោកម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ លោក លោកស្រីអភិបាល អភិបាលរងក្រុងស្រុកទាំង ៥ ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅអគារសាលប្រជុំក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ។

បន្ទាប់ពីមតិស្វាគមន៍បើកអង្គប្រជុំ លោកម៉ែន ង៉ុយ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ត្រូវពិនិត្យនិងសម្រេចទៅលើរបាយការណ៍ចំនួន ៣ គឺរបាយការណ៍ខែមីនា របាយការណ៍ត្រីមាសទី ១ ឆ្នាំ ២០២១ និង របាយការណ៍ខែមេសាឆ្នាំ ២០២១ ដោយសារតែកាលពីខែមីនា ក្រុមប្រឹក្សាខេត្តមណ្ឌលគីរីបានលើកកិច្ចប្រជុំរបស់ខ្លួនដោយសារតែបញ្ហាការរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ លោកប្រធានក្រុមប្រឹក្សាក៏បានស្នើដល់អង្គប្រជុំ ធ្វើយ៉ាងណាពិនិត្យនិង សង្ខេបលើចំណុចសំខាន់ៗនៃរបាយការណ៍ ព្រមទាំងការឆ្លើយបកស្រាយទៅលើចំណុចមួយចំនួនដែលលើកឡើងក្នុងអង្គប្រជុំ ដើម្បីឲ្យកិច្ចប្រជុំប្រព្រឹត្តទៅបានរហ័ស ។

លោកប្រធានក្រុមប្រឹក្សាខេត្ត ក៏បានវាយតម្លៃ និងកោតសរសើរដល់គណៈអភិបាលខេត្ត មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ជាពិសេស ការទប់ស្កាត់បទល្មើសនានា ការរួមគ្នាធ្វើសកម្មភាពយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ ព្រមទាំងការងារបម្រើសេវាសាធារណៈផងដែរ ។

លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី មានប្រសាស៍ថា រដ្ឋបាលខេត្តមណ្ឌលគិរីបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ តាមរយៈការដាក់កម្លាំងតាមព្រំដែនជាមួយនឹងប្រទេសជិតខាងទប់ស្កាត់មិនឱ្យប្រជាពលរដ្ឋឆ្លងកាត់ទៅវិញទៅមក ព្រមទាំងការដាក់កម្លាំងតាមព្រំប្រទល់រវាងខេត្តនិងខេត្ត ទប់ស្កាត់ប្រជាពលរដ្ឋមិនឲ្យឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ។ បន្ថែមលើនេះ អាជ្ញាធរខេត្តបានពិនិត្យ តាមដាន នឹងដាក់ឲ្យធ្វើចត្តាឡីស័កចំពោះប្រជាពលរដ្ឋដែលមកពីតំបន់ដែលមានហានិភ័យ និងពលករដែលមកពីក្រៅប្រទេស ។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ជូនអង្គប្រជុំដែរថា នៅខេត្តមណ្ឌលគិរីមានករណីវិជ្ជមានកូវីដ១៩ ចំនួន ៣ ករណី ដែលជាករណីនាំចូលពីរាជធានីភ្នំពេញ ។ ពាក់ព័ន្ធនឹងករណីនេះដែរ រដ្ឋបាលខេត្ត និងក្រុង បានសម្រេចបិទខ្ទប់តំបន់មួយនៅក្រុងសែនមនោរម្យដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្ត ។

លោកអភិបាលក៏បានស្នើដល់ប្រជាពលរដ្ឋដែលនៅក្នុងតំបន់បិទខ្ទប់ សូមរក្សាការអត់ធ្មត់និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្ដីសម្រេចនានារបស់រដ្ឋបាលខេត្ត ក្នុងគោលបំណងកាត់ដាច់ប្រភពចម្លងជំងឺកូវីដ១៩ បន្តទៀត ។ លោកអភិបាលក៏បានជំរុញដល់មន្ត្រីជំនាញ ត្រូវធ្វើការចុះត្រួតពិនិត្យនិងណែនាំដល់រមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាននានា ត្រូវចូលរួមអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ ដើម្បីធានាសុវត្ថិភាពដល់អតិថិជន និងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ផងដែរ ។

ក្រៅពីបញ្ហាជំងឺកូវីដ១៩លោកអភិបាលខេត្ត បានលើកឡើងពីបញ្ហាបទល្មើសនានា ជាពិសេសបទល្មើសទន្ទ្រានយកដីរដ្ឋខុសច្បាប់ ពីសំណាក់ជនខិលខូចមួយក្ដាប់តូច ដែលកើតមានឡើងនៅតាមតំបន់មួយចំនួន ។ លោកក៏បានស្នើដល់អាជ្ញាធរនិងមន្ត្រីជំនាញ ត្រូវខិតខំទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងនេះ ដោយត្រូវចាប់ជនល្មើស មកផ្ដន្ទាទោសតាមច្បាប់ឲ្យបានឲ្យខាងតែបាន ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print