អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន India Today នៅថ្ងៃពុធទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានចុះផ្សាយថា ស្ថានការណ៍នៅក្នុងប្រទេសឥណ្ឌាទាំងមូល កំពុងឈានទៅរកចំណុចកាន់តែអាក្រក់បំផុតហើយ ខណៈក្រសួងសុខាភិបាលឥណ្ឌា ត្រឹមរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ រកឃើញអ្នកឆ្លងជំងឺ COVID-19 សរុប ៣៨២,៣១៥នាក់បន្ថែមទៀត និងអ្នកជំងឺ ៣,៧៨០នាក់បាត់បង់ជីវិត។
ទីភ្នាក់ងារសារព័ត៌មាន India Today បាននិយាយបន្ថែមថាសម្រាប់រដ្ឋដែលកំពុងរងគ្រោះដោយករណីឆ្លង COVID-19 ច្រើនជាងគេបំផុតនោះគឺ មហារ៉ាស្ត្រា (Maharashtra), កាណាតាកា (Karnataka), គែរ៉ាឡា (Kerala), យូតតា ប្រាដែស (Uttar Pradesh) និង តាមិល ណាឌូ (Tamil Nadu) ជាដើម ដោយរដ្ឋនីមួយៗរកឃើញករណីឆ្លងចាប់ពីជាង ២០,០០០នាក់ ទៅជាង ៥០,០០០នាក់ក្នុង១ថ្ងៃ។ ចំណែករដ្ឋដែលមានមនុស្សស្លាប់ច្រេីនជាងគេដោយសារ COVID-19នោះ គឺ រដ្ឋMaharashtra។
បេីយោងតាមការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនឡើងដល់ ២០,៦៥៨,២៣៤ករណី ក្នុងនោះមានអ្នកស្លាប់សរុប ២២៦,១៦៩នាក់ និងជាសះស្បើយឡើងវិញជិត ១៧លាននាក់។
គួរជម្រាបដែរថា ដោយឡែកអ្នកជំងឺកូវីដកំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាលមានរហូតដល់ទៅ ៣.៥លាននាក់ឯណោះ ដែលកំពុងដាក់បន្ទុកកាន់តែធ្ងន់ ដល់វិស័យសុខាភិបាលទូទាំងប្រទេស ខណៈអុកស៊ីសែននៅតែខ្វះខាត និងគ្មានគ្រែសម្រាប់ទទួលអ្នកជំងឺថ្មីៗ៕ដោយ៖ស តារា
រូបភាព៖ឯកសារ