ថ្ងៃ​នេះ​!​ ឥណ្ឌា​ ត្រឹមតែ​២៤ម៉ោងប៉ុណ្ណោះ​ រកឃើញ​អ្នកឆ្លងកូវីដ-១៩ថ្មី​ ចំនួនជាង ៣៨ម៉ឺននាក់ទៀត និងអ្នកជំងឺស្លាប់ជិត​៤ពាន់នាក់

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន India Today នៅថ្ងៃពុធទី០៥ ខែឧសភា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​ ស្ថានការណ៍នៅក្នុងប្រទេសឥណ្ឌាទាំងមូល កំពុងឈានទៅរកចំណុចកាន់តែអាក្រក់បំផុត​ហើយ​ ខណៈ​ក្រសួងសុខាភិបាល​ឥណ្ឌា​ ត្រឹមរយៈពេលតែ​ ២៤ម៉ោងប៉ុណ្ណោះ​ រកឃើញ​អ្នកឆ្លងជំងឺ COVID-19 សរុប ៣៨២,៣១៥នាក់បន្ថែមទៀត និងអ្នកជំងឺ ៣,៧៨០នាក់បាត់បង់ជីវិត។

ទីភ្នាក់ងារសារព័ត៌មាន India Today បាននិយាយបន្ថែមថា​សម្រាប់រដ្ឋដែលកំពុងរងគ្រោះដោយករណីឆ្លង COVID-19 ច្រើនជាងគេបំផុតនោះគឺ មហារ៉ាស្ត្រា (Maharashtra), កាណាតាកា (Karnataka), គែរ៉ាឡា (Kerala), យូតតា ប្រាដែស (Uttar Pradesh) និង តាមិល ណាឌូ (Tamil Nadu) ជាដើម ដោយរដ្ឋនីមួយៗរកឃើញករណីឆ្លងចាប់ពីជាង ២០,០០០នាក់ ទៅជាង ៥០,០០០នាក់ក្នុង១ថ្ងៃ។ ចំណែក​រដ្ឋដែលមានមនុស្សស្លាប់ច្រេីនជាងគេដោយសារ COVID-19នោះ​ គឺ រដ្ឋMaharashtra។

បេីយោង​តាមការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនឡើងដល់ ២០,៦៥៨,២៣៤ករណី ក្នុងនោះមានអ្នកស្លាប់សរុប ២២៦,១៦៩នាក់ និងជាសះស្បើយឡើងវិញជិត ១៧លាននាក់។

គួរជម្រាបដែរថា​ ដោយឡែកអ្នកជំងឺកូវីដកំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាលមានរហូតដល់ទៅ ៣.៥លាននាក់ឯណោះ ដែលកំពុងដាក់បន្ទុកកាន់តែធ្ងន់ ដល់វិស័យសុខាភិបាលទូទាំងប្រទេស ខណៈអុកស៊ីសែននៅតែខ្វះខាត និងគ្មានគ្រែសម្រាប់ទទួលអ្នកជំងឺថ្មីៗ៕ដោយ​៖ស​ តារា​

...

រូបភាព​៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print