ភ្នំពេញ, នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២១ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងថ្ងៃទី១ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា, បងប្អូនប្រជាពលរដ្ឋដែលរស់នៅសង្កាត់ទួលសង្កែ១ ដែលមានបំណងស្មគ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូមទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដោយភ្ជាប់មកជាមួយ អត្តសញ្ញាណបណ្ណ ឬសៀវភៅកំណើត និងឯកសារពាក់ព័ន្ធផ្សេងៗ ដែលអាចបញ្ជាក់ពីទីលំនៅពិតប្រាកដ។
ចំពោះទីកន្លែងចាក់វ៉ាក់សាំងសាំង មានទីតាំងស្ថិតក្នុងភូមិទួលសំពៅ ជិតផ្សាសាំហាន់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។
សូមជម្រាបជូនថា, គិតត្រឹមថ្ងៃទី០៦ ខែឧសភាឆ្នាំ ២០២១នេះ ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋសរុបនៅទូទាំងប្រទេស បានចំនួន ១,៦០៦,០០៧នាក់ ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២១។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ បានជម្រុញអោយ ស្ថាប័នពាក់ព័ន្ធ ពន្លឿនក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដើម្បីការពារជំងឺកូវីដ-១៩៕