រយៈពេលមួយថ្ងៃ ក្រុមគ្រូពេទ្យខេត្តស្វាយរៀង បានសម្រាលកូនជូនស្ត្រីកំពុងធ្វើចត្តាឡីស័កចំនួន៣នាក់ នៅស្រុករមាសហែក ដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តស្វាយរៀង៖ រយៈពេលមួយថ្ងៃ ក្រុមគ្រូពេទ្យខេត្តស្វាយរៀង បានជួយសម្រាលកូនជូនស្ត្រីកំពុងធ្វើចត្តាឡីស័កចំនួន៣នាក់ នៅស្រុករមាសហែក រហូតបានដោយសុវត្ថិភាពទាំងម្ដាយនិងទារក។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានថ្លែងប្រាប់អ្នកសារព័ត៏មានអោយដឹងថា កាលពីថ្ងៃទី៥ ខែឧសភាឆ្នាំ២០២១ មានស្រ្តី៣នាក់ ទើបតែត្រឡប់ មកពីភ្នំពេញ ហើយត្រូវបានអាជ្ញាធរដាក់ឲ្យធ្វើចត្តាឡីស័ក នៅស្រុករមាសហែក និងបានជួយសម្រាលកូនដោយសុវត្ថិភាព ក្រោមការជួយជ្រោមជ្រែង និងយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករមាសហែក។

លោកវេជ្ជបណ្ឌិត បានបន្តថា ក្រុមគ្រូពេទ្យ កំពុងធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ជាមួយស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានលះបង់ពេលវេលា ជាមួយក្រុមគ្រួសារក្តី សេចក្តីសុខផ្ទាល់ខ្លួនក្តី ដោយត្រូវធ្វើការងារទាំងយប់ទាំងថ្ងៃ ដើម្បី សុខភាពពលរដ្ឋ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីកាត់ផ្ដាច់ឬសគល់ នៃការចម្លងឲ្យមានប្រសិទ្ធភាពខ្ពស់។

លោកវេជ្ជបណ្ឌិតបានថ្លែងកោតសរសើរក្រុមគ្រូពេទ្យទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ ក្នុងការព្យាបាលអ្នកជំងឺ ជាពិសេសបានជួយសង្គ្រោះ និងសម្រាលកូនដល់ស្ត្រីកំពុងធ្វើចត្តាឡីស័កទទួលបានជោគជ័យ សុវត្ថិភាពទាំងម្ដាយ និងកូន។

លោកវឹជ្ជបណ្ឌិតបានបញ្ជាក់ថា ស្ត្រីទាំង៣នាក់ដែលកំពុងចត្តាឡីស័ក និងបានផ្តល់កំណើតដល់ទារកក្នុងថ្ងែតែមួយនោះ រួមមាន៖
ទី១៖ ឈ្មោះ ប៉ុល សូនី អាយុ៣១ឆ្នាំ នៅភូមិក្រញូង ឃុំមុខដា ស្រុករមាសហែក បានធ្វើចត្តាឡីស័កនៅមុខដា ដោយកើតបានកូនស្រីទំងន់ ៣៤០០ក្រាម។
ទី២៖ ឈ្មោះ ហ៊ុល សាភឿន អាយុ២១ឆ្នាំ នៅភូមិល្បើក ឃុំម្រាម ស្រុករមសហែក ធ្វើចត្តាឡីស័កឃុំម្រាម កើតបានកូនប្រុសទំងន់២៩០០ក្រាម។
ទី៣៖ ឈ្មោះ ឈុន សាម៉ា អាយុ២៥ឆ្នាំ នៅភូមិសណ្តោរ ឃុំជ្រៃធំ ស្រុករមាសហែក បានធ្វើចត្តាឡីស័កនៅផ្ទះ កើតបានកូនស្រីទំងន់៣០០០ក្រាម។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបន្ថែមទៀតថា ចាប់តាំងពីដើមឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានសម្រាលកូនជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កចំនួន០៦ករណី និងវះកាត់យកកូនចំនួន២ករណី ក្នុងនោះក៏មានជនជាតិចិនម្នាក់ផងដែរ។

លោកវេជ្ជបណ្ឌិតបានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ១៩នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល «៣ការពារ ៣កុំ» ព្រោះបច្ចុប្បន្ននេះករណីឆ្លងនៅកម្ពុជា មិនទាន់មានការថមថយនៅឡើយនោះទេ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print