អភិបាលខេត្តមណ្ឌលគិរី​ អញ្ជេីញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្ត

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី​ អមដំណេីរដោយលោក​ សាយ​ ម៉េងគីម​ អភិបាលរងខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យជួរមុខចំនួន ១៤នាក់ ក្នុងការពិនិត្យព្យាបាល និងត្រៀមបម្រុង ក្នុងករណីមានវិជ្ជមានវិរុសជំងឺកូវីដ-១៩បន្ថែមទៀត ខណៈដែលខេត្តមណ្ឌលគិរី បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ០៣នាក់ ដែលជាករណីនាំចូលពីរាជធានីភ្នំពេញ កាលពីចុងខែមេសា ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងអ្នកពាក់ព័ន្ធមួយចំនួន ត្រូវបានធ្វើចត្តាឡីស័ក ពិធីនេះប្រព្រឹត្តទៅនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ នារសៀលថ្ងៃទី០៦ ខែឧសភានេះ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ថ្វីត្បិតតែខេត្តមណ្ឌលគិរី បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ០៣នាក់ នៅចុងខែមេសា ដែលពួកគាត់បានធ្វើដំណើរត្រឡប់មកពីរាជធានីភ្នំពេញ បន្ទាប់ពីព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកុសមៈ ហើយក្រោយរកឃើញវិជ្ជមានកូវីដ១៩ អាជ្ញាធរបានសម្រេចបិទខ្ទប់តំបន់មួយផ្នែកនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ដើម្បីតាមដានរកអ្នកពាក់ព័ន្ធបន្ថែមទៀត។ លោកបន្ថែមថា ទោះបីស្ថានការណ៍រហូតមកដល់ពេលនេះ អាចគ្រប់គ្រងបានក៏ដោយ ប៉ុន្តែអាជ្ញាធរខេត្តមណ្ឌលគិរី នៅតែមានការព្រួយបារម្ភចំពោះបញ្ហាជំងឺកូវីដ១៩ ព្រោះថាជំងឺនេះកំពុងរាតត្បាតខ្លាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន ហើយរដ្ឋបាលខេត្ត កំពុងខិតខំដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់មិនឲ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩បន្ថែមទៀតនោះទេ។

លោកអភិបាលខេត្ត បន្តថា ចំពោះការធ្វើដំណើររបស់ប្រជាពលរដ្ឋ ឬអ្នកទេសចរមកកាន់ខេត្តមណ្ឌលគិរី គឺបានអនុញ្ញាតជាធម្មតា មិនអាចយកពួកគាត់ទៅធ្វើចត្តាឡីស័កទាំងអស់នោះទេ ប៉ុន្តែមន្ត្រីជំនាញនឹងត្រួតពិនិត្យតាមដានពីប្រវត្តិធ្វើដំណើររបស់ពួកគាត់ ប្រសិនពួកគាត់មកពីតំបន់ដែលមានហានិន័យខ្ពស់ នឹងតម្រូវឲ្យធ្វើចត្តាឡីស័ក។

លោកអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលបានខិតខំទាំងកម្លាំងកាយចិត្ត ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺកូវីដ១៩ និងស្វែងរកអ្នកពាក់ព័ន្ធមួយចំនួនទៀត មកធ្វើចត្តាឡីស័ក ក្នុងការកាត់ផ្តាច់ពីការចម្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

បន្ថែមលើសនេះ លោកអភិបាលខេត្តបានណែនាំដល់ក្រុមគ្រូពេទ្យជួរមុខ ត្រូវមានស្មារតី ឆន្ទៈទទួលខុសត្រូវខ្ពស់ ក្នុងការចុះបំពេញបេសកម្មប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមការណែនាំរបស់មន្ទីរសុខាភិបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចូលសហគមន៍។

ប្រធាមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី លោកវេជ្ជបណ្ឌិត ប៊ុន សួ បានឲ្យដឹងថា គិតមកដល់ពេលនេះខេត្តមណ្ឌលគិរី រកមិនឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩បន្ថែមទេ ប៉ុន្តែក្រុមគ្រូពេទ្យ កំពុងខិតខំតាមដានសុខភាពអ្នកពាក់ព័ន្ធផ្ទាល់ ជាមួយអ្នកជំងឺកូវីដ១៩យ៉ាងយកចិត្តទុកដាក់ ហើយចំពោះលទ្ធផលធ្វើតេស្តវត្ថុសំណាក់ចំនួន​ពីរលើក អ្នកពាក់ព័ន្ធផ្ទាល់ទាំងអស់ គឺអវិជ្ជមានវីរុសកូវីដ១៩ ប៉ុន្តែត្រូវធ្វើតេស្តវត្ថុសំណាក់លើកទី៣បន្ថែមទៀត។

លោកវេជ្ជបណ្ឌិត ប៊ុន សួ បញ្ជាក់ថា ចំពោះសុខភាពអ្នកវិជ្ជមានកូវីដ១៩ចំនួន ៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត គឺមានសុខភាពល្អជាធម្មតា ហើយសូម្បីអ្នកជំងឺអាយុ៧៧ឆ្នាំទៅហើយ ក៏គាត់អាចប្រឹងក្រោកឈរដើរដោយខ្លួនឯងបានដែរ។
នាឱកាសនោះអភិបាលខេត្ត បានឧបត្ថម្ភដល់ក្រុមគ្រូពេទ្យជួរមុខ ចំនួន១៤នាក់ ក្នុងម្នាក់ៗ ទទួលថវិកា ១០ម៉ឺនរៀល ដើម្បីជាការលើកទឹកចិត្តផងដែរ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print