អន្តរជាតិ៖ ប្រជាជនឥណ្ឌា រាប់ពាន់នាក់ដែលភាគច្រើនគឺជាស្ដ្រី បានប្រមូលផ្ដុំគ្នាដង្ហែក្បួននៅក្នុងពិធីសាសនាយ៉ាងធំមួយ ដើម្បីថ្វាយទឹកអម្រឹតទៅកាន់ប្រាសាទ Baliyadev នៅក្នុងក្រុង Sanand រដ្ឋ Gujarat របស់ប្រទេសឥណ្ឌា។ ចំពោះការប្រមូលផ្តុំដ៏ធំមួយនេះគឺបានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានអាចារ្យម្នាក់នៅទីនោះបាននិយាយថា ជំងឺ COVID-19 នេះកើតឡើងដោយសារ «ព្រះមានការខឹងសម្បារ» នឹងមនុស្ស ដូច្នេះហើយទើបពួកគេធ្វើពិធីនេះឡើង ដើម្បីបន់ព្រះសុំឱ្យជំងឺ COVID-19 រលត់បាត់ទៅវិញ។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Republic World។ ជាក់ស្ដែងបើតាមវីដេអូមួយ ដែលកំពុងក្លាយជាប្រធានបទក្ដៅក្នុងបណ្ដាញសង្គម Twitter បានបង្ហាញឃេីញថា៖ ស្ត្រីទាំងនោះបានទូលក្អមទឹកអម្រឹត ចេញពីភូមិ Navapura និង Nidharada របស់ក្រុង Sanand បូករួមទាំងតន្ត្រីបន្លឺឡើងអមដំណើរទៀតផង។ មិនតែប៉ុណ្ណោះអ្វីដែលសំខាន់ជាងនេះគឺស្ត្រីទាំងនោះហាក់មិនបានពាក់ម៉ាស់ មិនរក្សាគម្លាតនោះទេ ខណៈដែលប្រទេសឥណ្ឌាផ្ទាល់ មានករណីប្រចាំថ្ងៃមិនក្រោម ៣០០,០០០ នាក់នោះទេ ក្នុងរយៈពេលកន្លះខែកន្លងមកនេះ។ ដោយឡែកបេីយោងតាមប្រភពព័ត៍មានក្នុងស្រុក បានចុះផ្សាយថា ឥឡូវនេះប៉ូលីសក៏បានចាប់ខ្លួនមនុស្ស ២៣នាក់ ដែលពាក់ព័ន្ធនឹងពិធីនោះរួចហើយដែរ។ តោះបេីចង់ជ្រាបច្បាស់ពីការដង្ហែក្បូនរបស់ពួកគេ សូមទស្សនាវីដេអូខាងក្រោមនេះ៖
https://www.youtube.com/watch?v=rj3rBcqGGUA