ខេត្តកំពង់ចាម ៖ ពិតជាគួរឱ្យរន្ធត់ខ្លាំងណាស់! ពេលកំពុងរាវខ្ចៅនៅកណ្តាលទន្លេមេគង្គខណៈមេឃកំពុងភ្លៀងផ្គររន្ទះខ្យល់កន្រ្តាក់ គ្រួសារមួយមានគ្នា៣នាក់ ប្តី ប្រពន្ធនិងប្អូនថ្លៃត្រូវរន្ទះបាញ់ប្រល័យសង្ខារស្លាប់ប្រពន្ធ រីឯប្អូនថ្លៃស្រីរងរបួស និងប្តីផុតពីគ្រោះភ័យ។
ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង១៥ និង១៥នាទីរសៀល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នៅចំណុចកណ្ដាលទន្លេមេគង្គ ក្នុងភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ទី១-ឈ្មោះ ចេង ស្រីទូច ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នេសាទ (ស្លាប់), ទី២-ឈ្មោះ ចាន់ សុបញ្ញា ភេទស្រី អាយុ១៥ឆ្នាំ ជាតិខ្មែរ ជិះទូកជាមួយគ្នា(ជាប្អូនថ្លៃរងរបួសត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យ),
ទី៣-ឈ្មោះ ចាន់ សុភ័ក្រ ភេទប្រុស អាយុ៣៩ឆ្នាំ(ប្តី) មុខរបរនេសាទ ជិះទូកជាមួយគ្នា។ អ្នកទាំងបីរស់នៅភូមិចុងថ្នល់ទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
សមត្ថកិច្ចបានបន្តឱ្យដឹងទៀតថា មុនពេលកើតហេតុអ្នកទាំង៣បានទៅរាវខ្ចៅនៅកណ្តាលទន្លេមេគង្គពេលមេឃកំពុងភ្លៀងផ្គររន្ទះខ្យល់កន្រ្តាក់ ហើយត្រូវរន្ទះបាញ់ស្លាប់ស្រ្តីជាប្រពន្ធ រីឯប្អូនថ្លៃស្រីរងរបួស និងប្តីមិនមានរងគ្រោះនោះទេ ។
សមត្ថកិច្ចបញ្ជាក់ថា ករណីនេះក្រោយកើតហេតុនគរបាលជំនាញបានធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយគ្រោះធម្មជាតិ(រន្ទះបាញ់)ប្រាកដមែន ។
សពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ, វណ្ណៈ