អន្តរជាតិ៖ អាជ្ញាធរថៃ នៅថ្ងៃសុក្រទី៧ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន២,០៤៤នាក់ ហើយអ្នកជំងឺ២៧នាក់ទៀត ទើបតែបាត់បង់ជីវិត។
បើតាមទីភ្នាក់ងារសារព័ត៌មាន The Nation Thailand នៅថ្ងៃសុក្រ ទី០៧ ខែឧសភានេះដែរ បានចុះផ្សាយថា ចំពោះករណីឆ្លងថ្មីៗទាំងនេះ គឺត្រូវបានរកឃើញភាគច្រើនបំផុត នៅរាជធានីបាងកកដដែល ជាមួយចំនួន៨៦៩នាក់ ; នៅខេត្ត Nonthaburi ដែលមានចំនួន២០១ករណី និងនៅខេត្ត Samut Prakan ដែលមាន១៦៥ករណី។ ចំណែកករណីឆ្លងថ្មីៗនេះដែរ គឺមានតែ០៤ករណីប៉ុណ្ណោះ ដែលជាករណីនាំចូល។
ជាមួយគ្នានេះ សម្រាប់ករណីអ្នកជំងឺទើបតែស្លាប់ទាំង២៧នាក់ មាន១៨ករណីនៅទីក្រុងបាងកក, ០២ករណីនៅខេត្ត Samut Prakan, ០២ករណីនៅខេត្ត Nonthaburi ខណៈខេត្ត Chaiyaphum, Chachoengsao, Ranong, Rayong និង Pathum Thani មាន០១ករណីដូចគ្នា ហើយអ្នកទាំងនោះ មានអាយុចន្លោះ៣០-៩០ឆ្នាំ និងភាគច្រើនជាអ្នកមានជំងឺរ៉ាំរ៉ៃប្រចាំកាយ។
ដោយឡែក អាជ្ញាធរថៃ នៅថ្ងៃដដែលនេះ ក៏បានប្រកាសពីករណីអ្នកជំងឺជាសះស្បើយជាង ២,៣០០នាក់ផងដែរ។ សរុបមកគិតត្រឹមថ្ងៃសុក្រនេះ ថៃមានករណីឆ្លង COVID-19 សរុបកើនដល់ ៧៨,៨៥៥នាក់ ក្នុងនោះស្លាប់៣៦៣នាក់ និងជាសះស្បើយ ៤៩,១៧២នាក់។ ចំណែកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការវិញ គឺវ៉ាក់សាំងសរុបចំនួន១,៦៥១,៧៨២ដូស ត្រូវបានចាក់៕ដោយ៖ស តារា
រូបភាព៖ បាងកកប៉ុស្តិ៍