អាជ្ញាធរ​ថៃ៖​ រកឃើញ​អ្នកជំងឺកូវីដ-១៩ថ្មី​ ជាង​ ២​ពាន់នាក់​ ខណៈអ្នកជំងឺចំនួន​២៧នាក់ទៀតបានស្លាប់

ចែករំលែក៖

អន្តរជាតិ​៖ អាជ្ញាធរថៃ​ នៅថ្ងៃសុក្រទី៧​ ខែឧសភា​ ឆ្នាំ​២០២១នេះ​ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន២,០៤៤នាក់ ហើយអ្នកជំងឺ២៧នាក់ទៀត ទើបតែបាត់បង់ជីវិត។

បើតាមទីភ្នាក់ងារសារព័ត៌មាន The Nation Thailand នៅថ្ងៃសុក្រ ទី០៧ ខែឧសភានេះដែរ​ បានចុះផ្សាយថា​ ចំពោះ​ករណីឆ្លងថ្មីៗទាំងនេះ គឺត្រូវបានរកឃើញភាគច្រើនបំផុត នៅរាជធានីបាងកកដដែល ជាមួយចំនួន៨៦៩នាក់​ ;​ នៅខេត្ត Nonthaburi ដែលមានចំនួន២០១ករណី និងនៅខេត្ត Samut Prakan ដែលមាន១៦៥ករណី។ ចំណែក​ករណីឆ្លងថ្មីៗនេះដែរ គឺមានតែ០៤ករណីប៉ុណ្ណោះ ដែលជាករណីនាំចូល។

ជាមួយគ្នានេះ​ សម្រាប់ករណីអ្នកជំងឺទើបតែស្លាប់ទាំង២៧នាក់ មាន១៨ករណីនៅទីក្រុងបាងកក, ០២ករណីនៅខេត្ត Samut Prakan, ០២ករណីនៅខេត្ត Nonthaburi ខណៈខេត្ត Chaiyaphum, Chachoengsao, Ranong, Rayong និង Pathum Thani មាន០១ករណីដូចគ្នា ហើយអ្នកទាំងនោះ មានអាយុចន្លោះ៣០-៩០ឆ្នាំ និងភាគច្រើនជាអ្នកមានជំងឺរ៉ាំរ៉ៃប្រចាំកាយ។

ដោយ​ឡែក​ អាជ្ញាធរថៃ​ នៅថ្ងៃដដែលនេះ ក៏បានប្រកាសពីករណីអ្នកជំងឺជាសះស្បើយជាង ២,៣០០នាក់ផងដែរ។ សរុបមកគិតត្រឹមថ្ងៃសុក្រនេះ ថៃមានករណីឆ្លង COVID-19 សរុបកើនដល់ ៧៨,៨៥៥នាក់ ក្នុងនោះស្លាប់៣៦៣នាក់ និងជាសះស្បើយ ៤៩,១៧២នាក់។ ចំណែកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការវិញ គឺវ៉ាក់សាំងសរុបចំនួន១,៦៥១,៧៨២ដូស ត្រូវបានចាក់៕ដោយ​៖ស​ តារា

...

រូបភាព​៖​ បាងកកប៉ុស្តិ៍​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print