ភ្នំពេញ ៖ ស្រ្តីវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងស្ត្រីម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿន រេចង្កូតទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃសុក្រ ទី៧ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចខាងជើងប្រមាណ២០០ម៉ែត្រពីស្ពានទី២ តាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហែម ម៉ាច ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា និងស្ត្រីម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះទេបានរងរបួសធ្ងន់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីម្នាក់រួមជាមួយនិឹងស្ត្រីម្នាក់ទៀតបានជិះម៉ូតូមួយគ្រឿងម៉ាកYAMAHA Filano ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1HO-7007ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ6A ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ ហើយដួលបណ្តាលឲ្យផ្លោងស្ត្រីម្នាក់ដែលអង្គុយពីក្រោយបោកទៅនឹងបង្គោលភ្លើងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកឯស្រ្តីម្នាក់ទៀតជាអ្នកឌុបរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើលិខិតប្រគល់សពនិងម៉ូតូឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ និន សុភ័ស្ត