អន្តរជាតិ៖ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅប្រទេសឥណ្ឌា រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ អាជ្ញាធរមូលដ្ឋាន នៅក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ បានរកឃើញអ្នកឆ្លងថ្មី សរុប ៤០១,០៧៨នាក់ទៀត ចំណែកចំនួនអ្នកជំងឺបានបាត់បង់ជីវិតរហូតដល់ ៤,១៨៧នាក់។ ខណៈចំនួនករណីស្លាប់ថ្មីៗនេះ គឺជាតួលេខអ្នកច្រើនបំផុតក្នុងមួយថ្ងៃ ដែលឥណ្ឌាទើបជួបប្រទះ ខណៈករណីឆ្លងលើស ៤សែននាក់ក្នុងមួយថ្ងៃបែបនេះ ឥណ្ឌាបានជួបប្រទះជាលើកទី៣ ហើយ។
បើតាមទីភ្នាក់ងារសារព័ត៌មាន Times of Inida (TOI) នារសៀលថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១ បានចុះផ្សាយថា ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនឡើងដល់ ២១,៨៩២,៦៧៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបជាង ២៣៨,២០០នាក់ និងជាសះស្បើយឡើងវិញជិត ១៨លាននាក់ ខណៈអ្នកជំងឺរហូតដល់ ៣.៧២លាននាក់ កំពុងទទួលការព្យាបាល និងរង់ចាំការព្យាបាល។
ដោយឡែកជុំវិញបញ្ហានេះដែរ វិស័យសុខាភិបាល ស្ថិតនៅចំពោះមុខមហន្តរាយដែលបង្កឡើងដោយរលកទី៣ នៃ COVID-19នេះ បានធ្វេីឲ្យរដ្ឋ តាមិលណាឌូ (Tamil Nadu) របស់ឥណ្ឌាដែលមានប្រជាជនរស់នៅជាង ៧៨លាននាក់ បានប្រកាសបិទរដ្ឋទាំងមូល (lockdown) ចំពោះមុខករណីឆ្លង និងស្លាប់កើនឡើងយ៉ាងគំហុក។ រីឯរដ្ឋកាណាតាកា (Karnataka) ដែលស្ថិតនៅជាប់គ្នា និងមានប្រជាជនរស់នៅ ៧០លាននាក់ ក៏បានប្រកាសរឹតបន្តឹងការធ្វើដំណើរផងដែរ ដែលនឹងអូសបន្លាយដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះដែរ៕ដោយ៖ស តារា