អន្តរជាតិ៖ បើតាមការដកស្រង់ចេញផ្សាយពីគេហទំព័រ ថៃហ្គឺ (the thaiger) នៅព្រឹកថ្ងៃចន្ទទី១០ ខែឧសភា ឆ្នាំ២០២១នេះថា សមាគមមន្ទីរពេទ្យឯកជន នៅក្នុងប្រទេសថៃ បានប្រកាសថា មន្ទីរពេទ្យឯកជននានា នឹងចាប់ផ្ដើមដាក់លក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក Moderna ក្នុងតម្លៃក្រោម ៣,០០០បាត (៩៦.៣៣ដុល្លារ) សម្រាប់ការចាក់ទាំងពីរដូស។
ចំពោះវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក Moderna ជាប្រភេទវ៉ាក់សាំងតម្រូវឱ្យចាក់ ០២ដូស ហើយក្នុងមួយដូសមានតម្លៃពីចន្លោះពី ៣៧ដុល្លារ-៣៨ដុល្លារអាមេរិក ហើយសម្រាប់អ្នកចង់ចាក់ គឺអាចនឹងត្រូវទៅទិញ និងទទួលការចាក់នៅមន្ទីរពេទ្យ ដែលអាចនឹងបូកថ្លៃសេវាបន្ថែមពីលើនេះទៀត។
ជាក់ស្ដែងសមាគមមន្ទីរពេទ្យឯកជនថៃ ប្រកាសបែបនេះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ក្រុមហ៊ុនឱសថរដ្ឋថៃ GPO (Government Pharmaceutical Organisation) នឹងបញ្ជាទិញវ៉ាក់សាំងក្រុមហ៊ុន Moderna សម្រាប់លក់ ដោយ GPO នឹងដើរតួនាទីជាអ្នកសម្របសម្រួល។ ភ្លាមៗមិនទាន់មានការបញ្ជាក់ អំពីកាលបរិច្ឆេទនៅឡើយទេ តែក្រសួងសុខាភិបាលថៃបានបង្ហើបថា វ៉ាក់សាំងអាមេរិកមួយនេះ អាចនឹងមកដល់ប្រទេសថៃ នៅអំឡុង៦ខែចុងក្រោយនៃឆ្នាំ២០២១។
គួរបញ្ជាក់ដែរថា មន្ត្រីរដ្ឋាភិបាលថៃ កាលពីសប្តាហ៍មុនធ្លាប់បានបញ្ជាក់រួចមកហើយនោះ គឺរដ្ឋាភិបាលថៃ បាននិងកំពុងចាក់វ៉ាក់សាំងបង្ការ COVID-19 ជូនដល់ប្រជាជនដោយមិនគិតថ្លៃ តាមរយៈវ៉ាក់សាំងដែលខ្លួនមានជាស្រេចគឺ AstraZeneca និង Sinovac ប៉ុន្តែសម្រាប់វ៉ាក់សាំង Moderna របស់អាមេរិក ដែលនឹងត្រូវអនុម័តឲ្យប្រើឆាប់ៗនេះ គឺនឹងមិនត្រូវផ្តល់ជូនដោយមិនគិតថ្លៃនោះឡើយ៕ដោយ៖ស តារា
រូបថត៖AFP