បច្ចុប្បន្នបណ្តាប្រទេសនានាជុំវិញពិភពលោកបានខិតខំជំរុញការចាក់វ៉ាក់សាំងឲ្យបានលឿនបំផុតដែលអាចធ្វើទៅបាន ដើម្បីយកឈ្នះកូវីដ- ១៩ បើកដំណើរការសេដ្ឋកិច្ចឡើងវិញ។ ចិនគឺជាប្រទេសដែលមានពលរដ្ឋច្រើនជាងគេបំផុត តែការឆ្លងកូវីដ-១៩នៅក្នុងប្រទេសចិនស្ថិតនៅលំដាប់ទី៩៦ ក្នុងចំណោមប្រទេសនិងដែនដីជាង២១០ប្រទេសជុំវិញពិភពលោក ដោយមានអ្នកឆ្លងជាង ៩០ពាន់នាក់ប៉ុណ្ណោះ។
ក្នុងពេលនេះដែរចិនបានបង្កើនការចាក់វ៉ាក់សាំងជូនពលរដ្ឋ ដោយក្នុងមួយថ្ងៃៗ ចាក់ជូនពលរដ្ឋបានរហូតដល់ទៅជាង ៧លានដូស។ ជាមួយនឹងល្បឿននៃការចាក់វ៉ាក់សាំងនោះ មិនយូរឡើយចិននឹងចាក់ជូនពលរដ្ឋជាង១,៤ពាន់លាននាក់បានយ៉ាងឆាប់បំផុត។ បច្ចុប្បន្នចិនចាក់វ៉ាក់សាំងជូនពលរដ្ឋបាន ជាង៣២៤លានដូសហើយ។
ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នាល្ងាចថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ បានដកស្រង់សម្តី គណៈកម្មការសុខាភិបាលជាតិចិន (NHC) ដែលបានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណជាង ៣២៤លានដូសហើយបានចាក់ជូនប្រជាជននៅទូទាំងប្រទេស គិតត្រឹមថ្ងៃទី៩ខែឧសភា។តួលេខនេះគឺកើនប្រមាណជាង៧លានដូស ពី ៣១៧.៥៨លានដូសដែលបានរាយការណ៍កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។
ប្រទេសចិនបានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនប្រជាជនដែលខ្លួនគិតថា ងាយប្រឈមបំផុត។ សម្រាប់វ៉ាក់សាំងផលិតដោយចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើននៅជុំវិញពិភពលោកផងដែរ ក្នុងនោះប្រទេសធំៗដូចជា ប្រេស៊ីល តួកគី និងឥណ្ឌូណេស៊ីជាដើម សុទ្ធតែបានបញ្ជាទិញវ៉ាក់សាំងពីចិន។ សន្ទះនៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់ចិនមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃក្រោយវ៉ាក់សាំង Sinopharm ត្រូវបានអង្គការសុខភាពពិភពលោក WHO អនុម័តទទួលស្គាល់ពីប្រសិទ្ធភាព និងសុវត្ថិភាពរបស់វា៕
រូបភាព៖ TTXVN