សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានដកស្រង់សម្តីមេបញ្ជាការកងទ័ពអាមេរិកប្រចាំនៅតំបន់ភាគខាងជើងលោក William Gortney បញ្ជាក់ថាកាំជ្រួចមីស៊ីុលឆ្លងទ្វីបរបស់កូរ៉េខាងជើង ICBM អាចបំពាក់ក្បាលគ្រាប់បរមាណូ បាញ់ដល់ កោះហាវៃនិង រដ្ឋអាឡាស់ស្ការអាមេរិក។
លោក William Gortneyបន្តទៀតថា បច្ចុប្បន្នកូរ៉េខាងជើងមានសមត្ថភាព បាញ់ប្រហារទៅដល់ទឹកដីអាមេរិកនិងកាណាដា ដោយកាំជ្រួចមីស៊ីុលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ។ ប៉ុន្តែមីស៊ីុលរបស់កូរ៉េខាងជើងមិនអាចបំផ្លាញអាមេរិកបានឡើយ ដោយសារតែអាមេរិកមានប្រព័ន្ធការពារមីស៊ីុលយ៉ាងទំនើបបំផុតអាចកម្ទេចមីស៊ីុលទាំងនោះមិនឲ្យហោះចូលដល់ទឹកដីអាមេរិកនោះឡើយ។
បច្ចុប្បន្នប្រព័ន្ធការពារកាំជ្រួចមីស៊ីុលរបស់អាមេរិកបានដាក់ពង្រាយនៅគ្រប់ទិសទីសម្រាប់ការពារការវាយប្រហារពីសត្រូវពិសេសពីប្រទេសដែលមានបរមាណូដូចរុស្ស៊ី ចិន កូរ៉េខាងជើងជាដើម។
នៅពេលនេះដែរអាមេរិកបានបញ្ជូនមីស៊ីុលការពារទៅកាន់ប្រទេសជប៉ុននិងកូរ៉េខាងត្បូងសម្រាប់ទប់ទល់និងការវាយប្រហារពីកូរ៉េខាងជើងជាយថាហេតុ ដោយសារតែប្រទេសនេះធ្វើអ្វីតាមតែអំពើចិត្តមិនខ្លាចការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិនោះឡើយ ហើយកូរ៉េខាងជើងអាចធ្វើគ្រប់យ៉ាងដោយមិនមានការពិចារណា។
ការបង្កើនសកម្មភាពការពាររបស់អាមេរិកអោយពេលដែលមេដឹកនាំគីមជុងអ៊ុនប្រកាសថា ក្រុមវិទ្យាសាស្ត្របរមាណូរបស់ខ្លួនបានរួមក្បាលគ្រាប់បរមាណូសម្រាប់បំពាក់នៅលើកាំជ្រួចមីស៊ីុលសម្រាប់វាយប្រហារទៅលើគោលដៅរបស់សត្រូវ ពិសេសគឺអាមេរិកនិងកូរ៉េខាងត្បូង ដូចអ្វីដែលប្រទេសនេះបានគំរាមជារៀងរាល់លើក៕