គ្រប់ទឹកម៉ងលោកចោរ៖​ គាស់ផ្ទះថៅកែលក់ឡេយីហោ”​មករា មុំ ​”តំណាងចែកចាយ​ធំ​ក្រុមហ៊ុន DW សាខាបឹងសាឡាង​ យកប្រាក់អស់ប្រមាណជា​​៥០ម៉ឺន​ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ​កម្លាំង​សមត្ថកិច្ចនគរបាលខណ្ឌទួលគោក​ សហការ​ជាមួយ​ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ នៃស្នងការ​រាជធានីភ្នំពេញ នៅវេលាម៉ោង​​១០និង​ ​​​៥០នាទីព្រឹកថ្ងៃទី​​​​​១២ ឧសភា ឆ្នាំ​២០២១នេះ បានចុះមកស្រាវជ្រាវ​ជុំវិញករណីចោរគាស់ផ្ទះ​ថៅកែ​លក់ឡេយីហោ”មករា មុំ ​”តំណាងចែកចាយ​ធំ​ក្រុមហ៊ុន DW សាខាបឹងសាឡាង លក់ដុំ និងរាយ ​ឡេមុខ និងឡេខ្លួន ដែលនាំចូលពីប្រទេស​ថៃ និង​កូរ៉េ នៅចំណុច​ផ្ទះ​លេខ​៣៥B​ ផ្លូវ​លេខ​២២៨ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បន្ទាប់ពីស្ត្រីជាម្ចាស់ផ្ទះ​រងគ្រោះ​​ បានឡាយវីដេអូ​បង្ហោះ​នៅលើបណ្តាញសង្គម​​ ពាក់ព័ន្ធ​ករណីចោរចូលគាស់ផ្ទះ​របស់គាត់ លួច​យកលុយអស់ប្រមាណជា​​៥០ម៉ឺន​ដុល្លារ​ ហើយសមត្ថកិច្ចក៏​បានចុះមកស្រាវជ្រាវ​ដល់ទីតាំងកើតហេតុ​ផងដែរ​។ ប៉ុន្តែ​ទោះបីយ៉ាងណា សមត្ថកិច្ច​ពុំអាចចូលទៅដល់ខាងក្នុង​ផ្ទះនោះបានទេ ពីព្រោះ​ផ្ទះមួយនេះ​ត្រូវបានចាក់សោផ្លុំបេទុកចោល ខណៈដែល​អាជ្ញាធរ​ បានរកឃេីញ​ម្ចាស់ផ្ទះ និង​សមាជិកគ្រួសារ​​សរុប​​ចំនួន​៧នាក់ មាន​វិជ្ជមានកូវីដ-​១៩ ​ហើយ​ត្រូវ​បាន​បញ្ជូនទៅព្យាបាលនៅ​មណ្ឌលម៉ូដែន២ ក្នុងសង្កាត់ចាក់អង្រែ ក្នុង​ខណ្ឌមានជ័យ រាជធានីភ្នំពេញ។​

បេីតាមប្រភពព័ត៍មានពីកន្លែងកេីតហេតុ​ បានឲ្យដឹង​ថា​ ម្ចាស់​ផ្ទះរងគ្រោះ​ឈ្មោះ​ ហេង មក​រា ភេទស្រី អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​លេខ​៣៥B​ផ្លូវ​លេខ​២២៨ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។​

បើតាម​ការឡាយវីដេអូលើបណ្តាញសង្គម​របស់ស្ត្រី​ជាម្ចាស់ផ្ទះ​ បានយំរៀបរាប់ទាំង​ទួញសោកពាក់ព័ន្ធនឹង​ករណីចោរគាស់ផ្ទះ​ខាងលើនេះដែរ​​ ដោយរូបគាត់បាន​អះអាង​ថា ​ទ្រព្យសម្បត្តិ​ដែលត្រូវចោរគាស់ផ្ទះ​ យកលុយ​ដែល​ដាក់ក្នុងទូដែកអស់ប្រមាណជា​​៥០ម៉ឺន​ដុល្លារ ហើយចោរបាន​គេចខ្លួនបាត់ស្រមោល ។​

​ម្ចាស់​​​ផ្ទះរងគ្រោះ​ បន្តថា​ មានការភ្ញាក់​ផ្អើល​កាលពីវេលាម៉ោងទៀបភ្លឺ​ថ្ងៃទី​១១ ឧសភាម្សិលមិញនេះ ខណៈដែលប្រជាពលរដ្ឋ​ជាអ្នកជិតខាងគាត់​ បានដេីរហាត់ប្រាណធ្វើដំណើរ​ឆ្លងកាត់​ ក៏ស្រាប់តែឃើញ​ផ្ទះ​របស់គាត់បើកទ្វារចំហរ​ ហើយនាំគ្នា​រាយការណ៍មកគាត់តែម្តង។ ភ្លាមនោះ​ក៏បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើលកើតឡើង​ ប៉ុន្តែ​រូប​គាត់​ដែល​ជាម្ចាស់ផ្ទះ​មិនអាចមកផ្ទះបានឡើយ​ ព្រោះ​តែ​គាត់កំពុងសម្រាកព្យាបាល​ជំងឺ​នៅ​មណ្ឌលម៉ូដែន២ ក្នុងសង្កាត់ចាក់អង្រែ ក្នុង​ខណ្ឌមានជ័យ។

ដោយ​ឡែក​បើ​តាមប្រភពព័ត៍មានពី​ប្រជាពលរដ្ឋ​ បានឲ្យដឹងថា​ កាលពីវេលាម៉ោង៣​ និង៣០នាទីទៀបភ្លឺ​ថ្ងៃទី​១១ ខែឧសភា​ ឆ្នាំ​២០២១​ ពួក​គាត់​ដេីរហាត់ប្រាណធ្វើដំណើរ​ឆ្លងកាត់​ ក៏ស្រាប់តែឃើញ​ផ្ទះ​របស់ជនរងគ្រោះ​បើកទ្វារចំហរ​ ប៉ុន្តែ​ក៏មិនចាប់អារម្មណ៍នោះដែរ។ លុះនៅវេលាម៉ោងប្រមាណ១រសៀល​ ស្រាប់​តែ​លេចមុខជនសង្ស័យម្នាក់ បានជិះម៉ូតូមួយគ្រឿង មកឈប់មុខផ្ទះ រួចបើកទ្វារចូលទៅក្នុងមួយសន្ទុះក្រោយមកមានម៉ូតូកង់៣ មួយគ្រឿង បានមកដឹកទំនិញសង្ស័យថា មកដឹកទូរដែកចេញ តែពុំមាននណាចាប់អារម្មណ៍ ដោយអ្នកជិតខាងស្មានតែម្ចាស់ឲ្យគេមកដឹកទំនិញដូចសព្វដង ។

តាមការរៀបរាប់របស់ ស្ត្រីជាម្ចាស់ផ្ទះរងគ្រោះបានឡាយបង្ហោះវីដេអូលើបណ្តាញសង្គម អោយដឹងថា ផ្ទះរបស់គាត់ត្រូវបានចោរចូលគាស់យកទូរដែកទង្ងន់១០០គីឡូក្រាម ទៅបាត់ ដោយយកប្រាក់ ,គ្រឿងអលង្ការពេជ្រ កូនជ្រូក សរុប អស់ជាង៥០ម៉ឺនដុល្លារ និងប្លង់ផ្ទះ៣កន្លែង ប្លង់ដី៥កន្លែង យកទៅទាំងអស់។

សូុមជម្រាបថា​ ខណៈដែល​កម្លាំងសមត្ថកិច្ច​ចម្រុះ​ចុះទៅដល់ទីតាំងផ្ទះកេីតហេតុខាងលេី​ ក៏ឃេីញមន្រ្តីសាលា​ខណ្ឌទួលគោក​ ​បាន​យក​បាញ់ថ្នាំ​​សម្លាប់មេរោគ​ ចុះទៅ​បាញ់​នៅចំណុច​​ផ្ទះ​​កើតហេតុ​ ដេីម្បីងាយស្រួលឲ្យសមត្ថកិច្ចធ្វេីការស្រាវជ្រាវស្វែងរកវត្ថុតាង​ និងកំណត់មុខសញ្ញាជនសង្ស័យផងដែរ។

ដោយ​ឡែក​នៅរសៀល​ថ្ងៃ​ទី១២​ ខែ​ឧសភា​ ឆ្នាំ​២០២១នេះដែរ អង្គភាពកាសែតនគរវត្ត​ បានទូរស័ព្ទទៅលោក​វរសេនីយ៍ឯក​ សុខ​ ហេង​ អធិការនគរបាលខណ្ឌទួលគោក​ ដេីម្បីសុំការបំភ្លឺជុំវិញករណីខាងលេីនេះ​ ​តេីពិតឬក៏មិនពិត?  ប៉ុន្តែ​ទូរស័ព្ទ​ចូល​ តែគ្មានអ្នកទទួល។ ចំណែក​លោកវរសេនីយ៍ត្រី​ ពុំ​ ទូច​ ​នាយផ្នែកនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោក​ អង្គភាពយេីងបានទំនាក់ទំនងទៅ​ ដោយលោកបាននិយាយថា​ បច្ចុប្បន្ន​កំពុង​រវល់បន្តិច​ចាំតេទៅវិញ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print