ខេត្តកណ្តាល៖ កម្មវិធីការងារសង្គមរបស់ណាហ្គាវើលបានជួយកុមារកំព្រា និងកុមារក្រីក្រឲ្យវិលត្រឡប់ចូលសាលារៀនរបស់ពួកគេវិញតាមរយៈការជួយឧបត្ថម្ភសម្ភារៈសិក្សានៅតាមបណ្តាខេត្ត។ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ណាហ្គាវើលបេះដូងសប្បុរសបានរៀបចំពិធីចែកសម្ភារៈសិក្សាដល់សិស្សក្រីក្រនិងកុមារកំព្រាចំនួន ៦៨៨ នាក់នៅសាលាបឋមសិក្សារកា ស្ថិតនៅឃុំរកាជន្លឹងស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។ កម្មវិធីនេះមានអ្នកចូលរួមប្រមាណ ១,០០០នាក់ ដែលមានបុគ្គលិកណាហ្គាវើល មន្ត្រីការិយាល័យអប់រំស្រុក អាជ្ញាធរមូលដ្ឋាន លោកនាយកសាលា សិស្សានុសិស្ស និងមាតាបិតាសិស្សផងដែរ។
លោកJamesMaនាយកផ្នែកទំនាក់ទំនងបុគ្គលិក និងការងារសង្គមណាហ្គាវើល បានមានប្រសាសន៍ថា“ការអប់រំ មានសារសំខាន់ណាស់សម្រាប់ការផ្លាស់ប្តូរជោគវាសនារបស់កុមារនៅតាមតំបន់ដាច់ស្រយាល។ណាហ្គាវើលបេះដូងសប្បុរស បានផ្តួចផ្តើមបង្កើតកម្មវិធីអប់រំ ក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំនៅតាមតំបន់ដាច់ស្រយាល ជាពិសេសតាមរយៈការផ្តល់សម្ភារៈសិក្សា និងកម្មវិធីអប់រំផ្សេងៗ។
ទោះបីជាយ៉ាងណាក៏ដោយការងារនេះមិនអាចសម្រេចបានទេប្រសិនបើគ្មានការលះបង់និងការគាំទ្រពីលោកគ្រូអ្នកគ្រូ ពីក្រុមហ៊ុន និងបុគ្គលិករបស់យើង។ ពួកគេបានចំណាយទាំងពេលវេលា និងធនធានរបស់ពួកគេដើម្បីបង្កើតនូវបរិយាកាសសិក្សាល្អប្រសើរមួយសម្រាប់កុមារកម្ពុជា។ បុគ្គលិកណាហ្គាវើលនឹងបន្តនាំយកនូវសម្ភារៈសិក្សាទៅចែកជូនដល់សិស្សានុសិស្សនៅតាមសាលារៀននិងអង្គការក្រៅរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជា។ យើងជឿជាក់ថា កាលណាកុមារកាន់តែមានសមត្ថភាពពួកគេក៏អាចជួយឲ្យអនាគតប្រទេសកម្ពុជាកាន់តែប្រសើរ”។
លោកស៊ុត ចន្ថាប្រធានការិយាល័យអប់រំស្រុក បានថ្លែងអំណរគុណ ហើយមានប្រសាសន៍ថា ណាហ្គាវើលបេះដូងសប្បុរស បាននិងកំពុងផ្តល់ការជ្រោមជ្រែងជាច្រើនដល់សាលារៀន ហើយក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនគំរូមួយនៅក្នុងប្រទេសកម្ពុជា។ គាត់បានបន្ថែមទៀតថា “យើងកំពុងបោះជំហ៊ានទៅមុខបន្តិចម្តងៗក្នុងការអភិវឌ្ឍអនាគតកុមាររបស់យើងតាមរយៈកម្មវិធីអប់រំជាច្រើនដែលបានផ្តល់ដោយណាហ្គាវើលបេះដូងសប្បុរស។ ការចូលរួមចំណែករបស់ណាហ្គាវើល នឹងជួយបណ្តុះអ្នកដឹកនាំនាពេលអនាគតក្នុងសង្គមកម្ពុជា។ ការចូលរួមចំណែករបស់ពួកគេបានជួយកុមារក្រីក្រឲ្យវិលត្រឡប់ទៅសាលារៀនវិញ។ជាមួយការអប់រំកុមារក្រីក្រទាំងនោះ នឹងមានជីវិតល្អប្រសើរនាពេលអនាគត។
សកម្មភាពរបស់ណាហ្គាវើលបេះដូងសប្បុរស គឺពិតជាប្រយោជន៍ធំធេងណាស់។យើងសង្ឃឹមថា ណាហ្គាវើលនៅតែបន្តគាំទ្រ និងជួយសាលារៀនផ្សេងៗទៀតនៅក្នុងស្រុកខ្សាច់កណ្តាល។យើងសូមថ្លែងអំណរគុណដល់ណាហ្គាវើលបេះដូងសប្បុរសសម្រាប់កិច្ចខិតខំប្រឹងប្រែងនេះ”។
លោក ង៉ុយ ផាត នាយកសាលាបឋមសិក្សារកាបានមានប្រសាសន៍ថា «គោលដៅរបស់យើង គឺទទួលសិស្សឲ្យចូលរៀនកាន់តែច្រើន។ សិស្សមួយចំនួនមិនអាចចូលរៀនបានទៀងទាត់ដោយសារតែមានបញ្ហាផ្នែកហិរញ្ញវត្ថុនៅក្នុងគ្រួសារ ហើយសិស្សខ្លះបានបោះបង់ការសិក្សាដោយសារតែពួកគេខ្វះសម្ភារៈសិក្សាដើម្បីរៀនបន្តទៀត។ យើងសប្បាយរីករាយណាស់ ពីព្រោះណាហ្គាវើលបេះដូងសប្បុរសបានជួយកុមារឲ្យវិលត្រឡប់ចូលថ្នាក់រៀនរបស់ពួកគេវិញតាមរយៈការផ្តល់សម្ភារៈសិក្សា។ ដោយមានការឧបត្ថម្ភសម្ភារៈសិក្សាពីណាហ្គាវើល ចំនួនសិស្សានុសិស្សចូលរៀនមានការកើនឡើង។តាំងនាមឲ្យសិស្សានុសិស្ស មាតាបិតាសិស្ស និងលោកគ្រូអ្នកគ្រូ យើងសូមថ្លែងអំណរគុណដល់ណាហ្គាវើលសម្រាប់ការឧបត្ថម្ភសម្ភារៈសិក្សាដល់សិស្សក្រីក្រដែលកំពុងត្រូវការសម្ភារៈទាំងនេះ។ សិស្សានុសិស្ស នឹងមានទឹកចិត្ត ហើយខ្ញុំសង្ឃឹមថា ណាហ្គាវើលនឹងបន្តការចូលរួមចំណែករបស់ពួកគេក្នុងសហគមន៍របស់យើងទៀត»។
សិស្ស រឺម យូរ៉េត ជាសិស្សថ្នាក់ទី៦ ដែលមានអាយុ ១១ ឆ្នាំបាននិយាយថា «គ្រួសាររបស់នាងក្រីក្រណាស់ ហើយម្តាយរបស់នាងបានស្លាប់ទៀត។ គ្រួសាររបស់នាងមិនអាចផ្គត់ផ្គង់សម្ភារៈសិក្សាសម្រាប់រូបនាងបាន។ នាងសប្បាយចិត្តណាស់ដែលបានទទួលសៀវភៅ និងប៊ិចជាច្រើន ខណៈពេលដែលនាងកំពុងត្រូវការវាជាចាំបាច់។ នាងបានអរគុណណាហ្គាវើលសម្រាប់ការឧបត្ថម្ភសម្ភារៈសិក្សាទាំងនេះ។ ដោយសារតែមានការលើកទឹកចិត្តពីណាហ្គាវើលបេះដូងសប្បុរស នាងបានខិតខំរៀនសូត្ររហូតនាងទទួលបានជាប់ជាសិស្សពូកែប្រចាំសាលានៅឆ្នាំនេះ»៕ ស ដារ៉ា