អ្នកសារព័ត៌មានជប៉ុនត្រូវទាហានរដ្ឋាភិបាលមីយ៉ាន់ម៉ាចាប់ខ្លួនកាលពីខែមុនដោយចោទប្រកាន់ថាបានផ្សាយព័ត៌មានមិនពិត ពេលនេះត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ។
សារព័ត៌មាន BBC បានដកស្រង់ប្រភពព័ត៌មានពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលបានឱ្យដឹងថា អ្នកសារព័ត៌មានឈ្មោះ Yuki Kitazumi ដែលជាអ្នកសារព័ត៌មានបរទេសដំបូងគេបង្អស់ត្រូវយោធាមីយ៉ាន់ម៉ាចាប់ខ្លួន នោះ ឥឡូវនេះត្រូវបានដោះលែងតាមសំណើរបស់រដ្ឋាភិបាលជប៉ុនហើយ។
បណ្តាញទូរទស្សន៍ជាតិមីយ៉ាន់ម៉ា MRTV បានផ្សាយថា «បើទោះបីលោក Kitazumi បានបំពានច្បាប់មីយ៉ាន់ម៉ាក្តី ប៉ុន្តែដោយមានការផ្សះផ្សារវាងរដ្ឋាភិបាលប្រទេសទាំងពីរ ហើយរដ្ឋាភិបាលមីយ៉ាន់ម៉ា ក៏ឈប់ចោទប្រកាន់ និងដោះលែងឲ្យមានសេរីភាពឡើងវិញ»។
លោក Yuki Kitazumi អាយុ៤៥ឆ្នាំត្រូវយោធាចាប់ខ្លួនកាលពីថ្ងៃទី១៨ខែមេសានៅក្នុងផ្ទះរបស់លោក នៅទីក្រុង Yangon ។ លោក Kitazumi គឺជាអ្នកសារព័ត៌មានបរទេសដែលបានស្នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោក Kitazumi ជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍ជប៉ុន បានផ្សាយព័ត៌មានស្តីពីការធ្វើបាតុកម្មក្នុងប្រទេសមីយ៉ាន់ម៉ា ។ លោក Kitazumi ធ្លាប់បានបង្ហោះរូបភាពជាច្រើនពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា លើបណ្តាញសង្គម។
មានអ្នកសារព័ត៌មានបរទេស ប្រមាណ៨០នាក់ បំពេញការងារនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈមក។ បច្ចុប្បន្ន មានអ្នកសារព័ត៌មានបរទេសនៅសល់តែ៥០នាក់ប៉ុណ្ណោះកំពុងបំពេញការងារនៅប្រទេសមីយ៉ាន់ម៉ា ហើយ៣០នាក់ទៀតត្រូវរដ្ឋាភិបាលបណ្តេញចេញដោយចោទប្រកាន់ពីបទផ្សេងៗ៕ ដោយ សាធី
រូបភាព៖ vietnamnet.vn