អន្តរជាតិ៖ សមាជិកក្រុមចម្រៀង Rock «M.C the Max» លោក J.Yoon ដែលលេចធ្លោរប្រចាំប្រទេសកូរ៉េ ត្រូវបានរាយការណ៍មកថា បានស្លាប់ក្នុងគេហដ្ឋានរបស់លោក ខណៈបច្ចុប្បន្នគេមិនទាន់ដឹងមូលហេតុ នៃការស្លាប់របស់លោកឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។
ជាក់ស្ដែងពាក់ព័ន្ធនឹងការស្លាប់ របស់លោក ត្រូវបានផលិតកម្ម 325 E&C ដែលជាក្រុមការងារ បានឲ្យដឹងថា ដោយសារពួកគេបានទំនាក់ទំនងទៅតារាប្រុសរូបនេះ និងគ្មានការឆ្លើយតប ទើបរាយការណ៍ទៅប៉ូលីសទីក្រុងសេអ៊ូលភ្លាមៗ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។ តារាចម្រៀងវ័យ៣៩ឆ្នាំ លោក J.Yoon បានចូលក្នុងក្រុមចម្រៀង Rock «M.C the Max» តាំងពីឆ្នាំ២០០០មកម្ល៉េះ។
បន្ទាប់ពីទទួលដំណឹងមកថា លោក J.Yoon បានស្លាប់ក្នុងផ្ទះ ក្រុមការងារក៏ចេញសេចក្តីប្រកាសជាផ្លូវការ ទៅកាន់សមាជិកក្រុម និងអ្នកគាំទ្រ ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះដែរ។ យ៉ាណាមិញ ជុំវិញករណីស្លាប់របស់តារាចម្រៀងកូរ៉េរូបនេះ ប៉ូលីសនៅមិនទាន់អាចកំណត់មូលហេតុនៅឡើយទេ។
សូុមជម្រាបថា ក្រុមចម្រៀង Rock «M.C the Max» បានចាប់ផ្តើមឡើងក្នុងឆ្នាំ២០០០ ដែលមានលោក J.Yoon ជាសមាជិកក្រុមម្នាក់ផងដែរ។ ចំណែកក្រុមនេះ បានវិវត្តន៍ទៅជាក្រុមបុរសដ៏មានឥទ្ធិពល ខណៈបទចម្រៀងរបស់នេះ កាន់តែល្បីល្បាញ តាមរយៈការយកទៅចាក់ក្នុងភាពយន្តកូរ៉េ ដូចជារឿងកាលពីឆ្នាំ ២០១៤ រឿង «It’s Okay», រឿង «That ’s Love», រឿង «Descendants of the sun» ជាដើម៕ដោយ៖សហការី