ភ្នំពេញ,សារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីរតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំពួកខួបអនុស្សាវរីយ៍លើកទី ៧៦ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា លោក លោកស្រី កងកម្លាំងនគរបាលជាតិ ជាទីស្នេហា !
ថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ គឺជាថ្ងៃចាប់បដិសន្ធិ – នករបាលជាតិ » ក្រោមស្នាព្រះហស្ថរបស់ ព្រះករុណា ព្រះមហាវីរៈក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ “ ព្រះបរមរតនកោដ្ឋ ” ក្នុងព្រះរាជបំណងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលគិតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ អង្គប្រតិបត្តិច្បាប់ នេះមានអាយុកាល ៧៦ឆ្នាំហើយ។ ស្ថិតក្នុងទិវាដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមសំដែងនូវមនោសញ្ចេតនាសោមនស្សរីករាយ ចូលរួមអបអរសាទរ រំឭកខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រលើកទី៧៦ ថ្ងៃកំណើតនគរបាលជាតិ និងសូមឧទ្ទិសនូវស្នាព្រះហស្ថប្រកបដោយគុណូបការៈដ៏ធំធេងថ្វាយជូនដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរៈក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ “ ព្រះបរមរតនកោដ្ឋ “ ដែលជាស្ថាបនិកនៃអង្គប្រតិបត្តិច្បាប់ដ៏សំខាន់នេះ។ ក្នុងពេលជាមួយគ្នានេះដែរខ្ញុំ សូមរំឭក និងឧទ្ទិសដល់វីរភាពដ៏ឧត្ដុង្គឧត្តមរបស់បុព្វបុរស និងរៀមច្បងនគរបាលជាតិគ្រប់ជំនាន់ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ឆ្លងកាត់រាល់ការប្រែប្រួលស្មុគស្មាញគ្រប់និន្នាការសង្គម បង្កើតបាននូវស្នាដៃ និងសមិទ្ធផល
ច្រើនឥតគណនា ដើម្បីបម្រើបុព្វហេតុសន្តិសុខជាតិ ក៏ដូចជាប្រយោជន៍ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមឆ្លៀតយកឱកាសនេះ ផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅ ស្មោះស្ម័គ្រអស់ពីដួងចិត្ត ជូនចំពោះថ្នាក់ដឹកនាំក្រសួង មហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ព្រមទាំងនិវត្តន៍ជននគរបាលជាតិទាំងអស់ ដែលបាន លះបង់នូវកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពេលវេលា និងសេចក្តីសុខផ្ទាល់ខ្លួន ប្រកៀកស្មាយ៉ាងរឹងមាំជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ តស៊ូពុះពាវឆ្លងកាត់ឧបសគ្គរាប់មិនអស់ ប្តូរផ្តាច់ការពារសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ធានាបាននូវស្ថិរភាពនយោបាយ រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ទន្ទឹមនេះខ្ញុំក៏សូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងជូនពរដល់មន្ត្រីនគរបាលជាតិ ដែលមាន របួស ឬ មានជំងឺប្រចាំកាយ ហើយកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងតាមគេហដ្ឋាន សូមឆាប់ជាសះ ស្បើយបានវិលមកជួបជុំក្រុមគ្រួសារ មិត្តភក្តិ និងសហការី ដើម្បីបន្តភារកិច្ចការងារជូនអង្គភាពវិញ។
សូមអានទាំងស្រុងនូវខ្លឹមសារ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន កងកម្លាំងនគរបាលជាតិ ក្នុងទិវារំឮកខួបអនុស្សារីយ៍លើកទី៧៦(១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២១) ថ្ងៃកំណើតនគរបាលជាតិ៕