ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យជាជនជាតិថៃម្នាក់ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួង មហាផ្ទៃសហការជាមួយនិងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ធ្វើការបង្រ្កាបចាប់ឃាត់ខ្លួនជាប់ពាក់ព័ន្ធនិងជួញដូរថ្នាំញៀនខុសច្បាប់ កម្លាំងសមត្ថកិច្ចបានធ្វើការឆែកឆេររកឃើញវត្ថុតាងថ្នាំញៀនមេតំ ហ្វេតាមីនទឹកកក ចំនួន មួយថង់ធំស្មើនិងជិត១kg ហើយធ្វើការដកហូតចាប់បញ្ជូន មកកាន់ ស្នងការដ្ឋានគរបាល ខេត្តបន្ទាយមានជ័យដើម្បីយកមកសាកសួរ។
កម្លាំងនគរបាលចុះបង្រ្កាបជនសង្ស័យជួញដូរថ្នាំញៀនជនជាតិថៃ ក្រោមការដឹកនាំ ដោយលោកឧត្តមសេនីយ៍ត្រី ខឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ និងលោកវរសេនីយ៍ឯក ចាប សុផាប្ញទ្ធិ ស្នងការរងប្រឆាំងបទល្មើសខេត្ត ធ្វើឡើងកាល ពីល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ នៅចំណុចរង្វង់មូលខាងមុខច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រតិបត្តិការបង្រ្កាបនោះដែរ ក្រោមការសម្រសម្រួលនីតិវិធីនិងមាន ការអនុញ្ញាតពីលោកផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក៏ដូចជាតាមបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត ផងនោះដែរ។
លោកវរសេនីយ៍ឯក ចាប សុផាប្ញទ្ធិ ស្នងការរងប្រឆាំងបទល្មើសខេត្ត បានប្រាប់ឱ្យ ដឹងថា កម្លាំងនគរបាលបង្រ្កាបជនសង្ស័យគ្រឿងញៀនជាជនជាតិថៃ ក្រោយពីសមត្ថកិច្ច បានធ្វើការដាក់កម្លាំងស្រាវជ្រាវស៊ើុបអង្កេតជាយូរមកហើយទើបឈានដល់កំណត់បានមុខសញ្ញាជនសង្ស័យ។ លុះបន្ទាប់មកនៅថ្ងៃខាងលើសមត្ថកិច្ចដាក់កម្លាំងឃ្លាំមើលជាប្រចាំរាល់សកម្មភាពជនសង្ស័យហើយបានឃើញជនសង្ស័យចេញមកធ្វើសកម្មភាពប្រព្រឹត្តបទល្មើសដោះដូរថ្នាំញៀនជាក់ស្តែង កម្លាំងនគរបាលក៏បានធ្វើការបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង។ កម្លាំងនគរបាលធ្វើការឆែកឆេររកឃើញថាំញៀនសុទ្ធមួយកញ្ចប់ធំប្រភេទមេតំហ្វេតាមីនទឹកកក ស្មើនិងទម្ងន់៧៤៥.៥ក្រាម។
លោកស្នងការរងបានប្រាប់ឱ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ ស៊ាចៅ ចាន់យ៉ាន់ ភេទប្រុសអាយុ៦៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខT៨០៦៥២៩ និងកាតផ្សេងៗចំនួន៣សន្លឹក។ ជនសង្ស័យជាមុខសញ្ញាចេញចូលប្រទេសកម្ពុជា- ថៃ ជាញឺកញាប់ ដើម្បីមកលេងកាស៊ីុណូ។
លោកស្នងការរងបានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពីឃាត់ខ្លួន ជនសង្ស័យ ធ្វើការ សាកសួររួចហើយ ដោយនៅរសៀលថ្ងៃ១១ ខែមីនា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចបាននាំខ្លួន ជនសង្ស័យទៅត្រួតពិនិត្យនៅបន្ទប់ជួលរបស់ជនសង្ស័យក្នុងផ្ទះសំណាក់មួយនៅក្រុងប៉ោយប៉ែត សមត្ថកិច្ចធ្វើការឆែកឆេរនៅក្នុងបន្ទប់ផ្ទះសំណាក់នោះ មិនបានរកឃើញអ្វីនោះឡើយ។
ជនសង្ស័យនិងវត្ថុតាងគ្រឿងញៀនគ្រោងកម្លាំងជំនាញគ្រោងនិងកសាងសំណុំរឿង ចាប់បញ្ជូនទៅតុលាការដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់៕សំ វិច្ឆិកា