ភ្នំពេញ៖ កម្មវិធីប្រកួតបឋមកញ្ញាឯកចក្រវាឡពិភពលោក២០២០បានចាប់ផ្តើមហើយកាលពីរាត្រីថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២១ ត្រូវនឹងម៉ោង៦ព្រឹកថ្ងៃទី១៥ខែឧសភាម៉ោនៅកម្ពុជា ។ អ្នកគាំទ្រកញ្ញាឯកពីកម្ពុជាដែលបានអន្ទះសារចង់ឃើញកញ្ញាឯកដែលខ្លួនពេញចិត្តបង្ហាញវត្តមានលើឆាកប្រកួតដ៏សម្បើមមួយនេះ។ ឈុតណែនាំខ្លួនជាការបើកឆាកជុំគ្នា ការបង្ហាញម៉ូតឈុតហែលទឹកនិងការបង្ហាញឈុតរាត្រីសមោស ឬ Evening Gown បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំងសម្រាប់ការរៀបចំនេះ។ អ្នកគាំទ្រថា បើទោះបីជាលទ្ធផលបែបណាក៏អ្នកគាំទ្រអាចទទួលយកបានពីការប្រកួងកញ្ញាឯកចក្រវាឡពិភពលោកលើកទី៦៩នេះ ប៉ុន្តែអ្វីដែលអ្នកគាំទ្រពីកម្ពុជា បានដាក់ក្តីរំពឹងខ្ពស់ថា រ៉េត សារីតា ពិតជាបេក្ខនារីតំណាងជាតិដែលពោពេញដោយសមត្ថភាព សក្កដានុពលដ៏ខ្លាំងក្លា។
គេសង្កេតឃើញផងដែរថា ចាប់តាំងពីមុន និងក្រោយពេលឈានជើងចូលទៅកាន់ទឹកដីនៃសហរដ្ឋអាមេរិក រ៉េត សារីតា បានបង្ហាញពីភាពរឹងមាំខ្លាំងក្លាពីខាងក្នុង ដែលមិនបង្ហាញពីភាពអំនួត និងការសម្ញែងត្រឹមតែសម្បក្រៅនោះទេ។ នាងត្រូវបានអ្នកគាំទ្រនៅកម្ពុជាចាត់ទុកថា មានភាពរឹងមាំ និងភាពជាម្ចាស់ការលើខ្លួនឯងរួចជាស្រេច ហើយប្រសិនបើនាងអាចទទួលបានឱកាសកាន់ក្បាលមេក្រូដែលផ្តល់ដោយគណកម្មការក្នុងការបញ្ចេញមតិ ពិតណាស់នាងនឹងមានឱកាសបញ្ចេញសំឡេងក្នុងនាមជាស្ត្រីខ្មែរដែលទន់ភ្លន់រឹងមាំមិនទន់ជ្រាយចែករំលែកបទពិសោធន៍ពីជីវិតជាក្មេងស្រីដែលរឹងមាំ និងបានពីការតស៊ូប្រឹងប្រែងស្វែងយល់តាមរយៈការងារដ៏ជ្រៅក្នុងសង្គមកន្លងមក្នុងនាមជាពិធីការិនី អ្នកផលិតកម្មវិធី និងការស្វែងយល់ពីជីវិតពិត និងសុខភាពបន្តពូជរបស់យុវជនពិសេសនារី ហើយនេះមិនមែនកើតឡើងដោយភាពចៃដន្យឡើយគឺកើតចេញពីការប្រឹងប្រែងរបស់នាង រហូតធ្វើឲ្យអ្នកគាំទ្រនាងជាច្រើនពីកម្ពុជា ហ៊ានដាក់ក្តីស្រមៃខ្ពស់ចំពោះនាងថា រឿងនឹកស្មានមិនដល់ខ្លះអាចកើតមានឡើងគ្រប់ពេលវេលាសម្រាប់មនុស្សដែលអត់ធ្មត់ច្រើនដូចជារូបនាង។ វគ្គប្រកាសបេក្ខភាពអាចបន្តទៅកាន់វគ្គ២១នាក់ចុងក្រោយនឹងត្រូវប្រកាសក្នុងថ្ងៃផ្តាច់ព្រ័ត្រថ្ងៃទី១៧ ខែឧសភា ខណៈដែលថ្ងៃទី១៥និង១៦ខែឧសភានេះគឺពេលវេលានៃការសមឆាក៕
ដោយ៖ វឌ្ឍនា