អន្តរជាតិ៖ តាមការលើកឡើងរបស់មន្រ្តីសុខាភិបាលឥណ្ឌា បានបញ្ជាក់ថា អត្រានៃការឆ្លងជំងឺ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល នៅទូទាំងប្រទេស បន្ទាប់ពីអាជ្ញាធរ នៅក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ បន្តរឃេីញអ្នកឆ្លងជំងឺថ្មី សរុប ៣២៦,០៩៨នាក់។ ជាមួយគ្នានេះ អ្នកស្លាប់ដោយសារជំងឺ COVID-19 សរុប ៣,៨៩០នាក់ទៀតបានស្លាប់ ក្នុងពេលតែមួយ។
បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១ បានដកស្រង់ចេញផ្សាយពីវិស័យសុខាភិបាលឥណ្ឌា បានបញ្ជាក់ថា ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ ២៤,៤៣២,៨៩៨លានករណី ក្នុងនោះមានអ្នកស្លាប់ ២៦៦,២០៧នាក់ និងជាសះស្បើយឡើងវិញជាង ២០លាននាក់ ខណៈអ្នកជំងឺ ៣.៦៧លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល។
គួរបញ្ជាក់ថា ទោះបីជាករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ក្តី ក៏ប្រទេសឥណ្ឌាមិនធ្វើការបិទប្រទេសទាំងមូលដែរ ខណៈបណ្តារដ្ឋមួយចំនួនបានសម្រេចចិត្ត lockdown និងរាំងខ្ទប់ការធ្វើដំណើរមិនចាំបាច់ខ្លះៗប៉ុណ្ណោះ។
ដោយឡែកសម្រាប់យុទ្ធនាការការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ គឺឥណ្ឌាសម្រេចបានជាង ១៨លាននាក់ហើយ។ ទន្ទឹមនឹងនេះ ការធ្វើតេស្តរក COVID-19 នៅទូទាំងប្រទេស ក៏កំពុងស្ថិតក្នុងភាពសកម្មផងដែរ ខណៈប្រជាជនឥណ្ឌា សរុបជាង ៣១៣លាននាក់ហើយ ត្រូវបានធ្វើតេស្តរកជំងឺនេះ នៅក្នុងចំណោមប្រជាជនសរុបជាង ១,៣០០លាននាក់៕ដោយ៖ស តារា