ប្រធានអង្គការ​ WHO៖ អំពាវនាវឲ្យ​ប្រទេសអ្នកមាន បរិច្ចាគវ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់កម្មវិធី COVAX ហើយ​ផ្អាកការចាក់វ៉ាក់សាំងជូនក្មេងៗសិន

ចែករំលែក៖

អន្តរជាតិ​៖ លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រទី១៤​ ខែឧសភា​ ឆ្នាំ​២០២១ម្សិលមិញ​នេះ បានទទូចដល់បណ្ដាប្រទេសអ្នកមានៗ ឲ្យផ្អាកផែនការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ពួកគេជូនដល់កុមារ និងមនុស្សជំទង់ ដោយជំនួសមកវិញនូវការបរិច្ចាគវ៉ាក់សាំងទាំងនោះ ជូនដល់បណ្ដាប្រទេសក្រីក្រវិញ ខណៈដែលមានការព្រមានថា ឆ្នាំទី ២ នៃការឆ្លងរាតត្បាត COVID-19 មើលទៅហាក់បីដូចជាមានគ្រោះថ្នាក់ ដល់អាយុជីវិតកាន់តែច្រើនឡើងៗ។

ជាក់ស្ដែង​បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយនៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១​នេះ​ ដោយដកស្រង់ប្រសាសន៍របស់​លោក Tedros Adhanom Ghebreyesus បានគូសបញ្ជាក់ថា៖ «ខ្ញុំយល់ពីមូលហេតុដែលប្រទេសខ្លះ ចង់ចាក់វ៉ាក់សាំងជូនដល់កុមារ និងក្មេងជំទង់របស់ពួកគេ ប៉ុន្តែឥឡូវនេះខ្ញុំសូមជំរុញពួកគេ ឱ្យធ្វើការពិចារណា ហើយជំនួសមកវិញនូវការបរិច្ចាគវ៉ាក់សាំងទាំងនោះ ទៅដល់គម្រោងចែកចាយវ៉ាក់សាំងជាសកល កូវ៉ាកស៍ (COVAX) ដើម្បីធានាបានថា ប្រទេសដែលត្រូវការបំផុតអាចបានទទួលការការពារ»។

បន្ថែមពីនេះ​ លោកអគ្គនាយកអង្គការ WHO​ រូបនេះ​ បានគូសបញ្ជាក់ទៀតថា៖ «បណ្តាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម មិនមានវ៉ាក់សាំងបង្ការជំងឺ COVID-19 គ្រប់គ្រាន់ សូម្បីតែសម្រាប់ចាក់ជូនដល់បុគ្គលិកសុខាភិបាល ហើយមន្ទីរពេទ្យកំពុងលិចលង់ជាមួយក្រុមមនុស្ស ដែលត្រូវការការថែទាំសង្គ្រោះបន្ទាន់»។

ដោយឡែក​បើតាមទីភ្នាក់សារព័ត៌មាន AFP ក៏បានចុះផ្សាយដែរថា​ វ៉ាក់សាំងបង្ការជំងឺ COVID-19 ជិត ១.៤ពាន់លានដូសហើយ ត្រូវបានចាក់ជូនប្រជាជននៅក្នុងប្រទេស និងដែនដីយ៉ាងហោចណាស់ ២១០នៅជុំវិញពិភពលោក។ ក្នុងនោះមានវ៉ាក់សាំងចំនួន ៤៤ភាគរយត្រូវបានចាក់ជូនប្រជាជន នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ដែលស្មើនឹង ១៦ភាគរយ នៃចំនួនប្រជាជនពិភពលោក ប៉ុន្តែមានវ៉ាក់សាំងតែ ០.៣ភាគរយប៉ុណ្ណោះ ដែលត្រូវបានចាក់ជូនប្រជាជននៅក្នុងប្រទេស ដែលមានប្រាក់ចំណូលទាបបំផុតចំនួន ២៩​ ផងដែរ​៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print