ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតសារលិខិតជូនពរ កងកម្លាំងនគរបាលជាតិ ក្នុងទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៧៦ ថ្ងៃកំណើតនគរបាលជាតិ «១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២១» ក្រោមស្នាព្រះហស្ថរបស់ព្រះករុណា ព្រះមហាវីរៈក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
នៅក្នុងសារលិខិតរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា លោកបានផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខប្រកបដោយសេចក្ដីនឹករលឹក ស្រលាញ់រាប់អានដ៏ជ្រាលជ្រៅចំពោះកងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ដែលកំពុងបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ក្នុងបុព្វហេតុសន្ដិសុខជាតិ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ក៏បានផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខដល់មន្ដ្រីនគរបាលជាតិ ដែលកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព ឬតាមគេហដ្ឋាន សូមបានជាសះស្បើយពីជំងឺគ្រប់ប្រភេទនាពេលឆាប់ៗខាងមុខនេះ។
ដោយឡែកមន្ដ្រីដែលកំពុងតែព្យាបាល ជំងឺកូវីដ១៩ ឬកំពុងធ្វើចត្ដាឡីស័កនៅមន្ទីរពេទ្យ មណ្ឌលព្យាបាល ឬនៅគេហដ្ឋាន នាយឧត្តមសេនីយ៍ សូមបន់ស្រន់ ឲ្យឆាប់ជាសះស្បើយ ឆ្លងផុតពីគ្រោះភ័យ នៃជំងឺដ៏កាចសាហាវនេះគ្រប់ៗគ្នា។ បន្ថែមពីនេះ ក៏សូមសម្ដែងនូវការសោកស្ដាយ និងចូលរួមចំណែកមរណទុក្ខ ដោយក្ដីគោរពចំពោះគ្រួសារញាតិសន្ដានរបស់មន្ដ្រីនគរបាល ដែលបានពលី ឬទទួលមរណភាពក្នុងបេសកកម្ម និងដោយប្រការផ្សេងៗ រួមទាំងដោយសារជំងឺកូវីដ១៩៕ដោយ៖សហការី
សូមអានព័ត៍មានលម្អិតនៅក្នុងសារលិខិតរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន មានដូចខាងក្រោម៖