ភ្នំពេញ, រាជរដ្ឋាភិបាលបានសម្រេច-ត្រូវបានផ្លាស់ប្តូរសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តមួយចំនួន ដើម្បី ត្រួតពិនិត្យ និងរងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់ រាជរដ្ឋាភិបាលកម្ពុជា ដូចមានសមាសភាពខាងក្រោម៖ គឺត្រូវបានបំពេញបន្ថែម លោក ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋបាលខេត្តព្រៃវែង រដ្ឋបាលខេត្តបាត់ដំបង រដ្ឋបាល ខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តក្រចេះ និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ និងប្រការ២ ត្រូវទទួល បន្ទុកអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
លោក ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានថ្លែងថា, ទទួលបានការផ្តល់សេចក្តីទុកចិត្ត ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និង គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ខ្ញុំបាទ ត្រូវបានចាត់តាំងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានក្រុងក្រចេះ ខេត្តក្រចេះ ដេីម្បីចូលរួមជួយត្រួតពិនិត្យ និងជំរុញគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ព្រមទាំង កម្មវិធីនយោបាយរបស់ គណបក្សប្រជានកម្ពុជា ក្នុងបុព្វហេតុអភិវឌ្ឍន៍ជាតិមាតុភូមិ។
លោកបន្តថា, រយៈពេលជិត ៤ឆ្នាំកន្លងមក ក្នុងនាមជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកសំបូរ ខេត្តក្រចេះ ខ្ញុំបានរៀនសូត្រនូវបទពិសោធន៍ដឹកនាំការងារមូលដ្ឋានជាច្រេីន ក្រោមការជួយគាំទ្រ និងជ្រោមជ្រែងយ៉ាងក្លៀវក្លា ពីសំណាក់មន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះ។ ចំពោះមុខនៃតួនាទី ភារកិច្ចថ្មី នៅក្រុងក្រចេះ ដែលជាតំបន់ស្នូលរដ្ឋបាល និងសេដ្ឋកិច្ច នៃខេត្តភូមិភាគឦសានមួយនេះ រួមមានភាពខុសប្លែកគ្នា ខាងភូមិសាស្ត្រ ប្រជាសាស្ត្រ កម្រិតជីវភាពរបស់ប្រជាជន ពីស្រុកសំបូរ ក្រុមការងារបានត្រៀមលក្ខណៈរួចរាល់ ក្នុងការបង្កេីនសកម្មភាពអោយកាន់តែសកម្ម មានប្រសិទ្ធភាព និងខ្លាំងក្លាជាងមុន ដេីម្បីសម្រេចអោយបាននូវ ចក្ខុវិស័យ គោលដៅ និងបេសកកម្ម របស់រាជរដ្ឋាភិបាល និងគណបក្ស ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន៕
ដោយ, សុខ ខេមរា