សមត្ថកិច្ច​កម្ពុជា​៖​ ឃាត់ប្រជាពលរដ្ឋថៃ យកមកអប់រំ​ ខណៈ​ពួក​គេ​យកត្រាក់ទ័រ ១គ្រឿង ភ្ជួរដី បង្កបង្កើនផលចូលដីតំបន់ស នៅបង្គោលព្រំសីមា​លេខ៤៣

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ៖ កម្លាំងអាជ្ញាធរសមត្ថកិច្ចរបស់កម្ពុជា​ កាលពីពេលថ្មីៗនេះ​ បានឃាត់ប្រជាពលរដ្ឋថៃ បានយកត្រាក់ទ័រ ១គ្រឿង មកភ្ជួរដី បង្កបង្កើនផល ចូលដីតំបន់សបង្គោលសីមាលេខ៤៣ ក្នុងភូមិសាស្គ្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ​ យកមកណែនាំឲ្យបញ្ឈប់សកម្មភាព។

បេីតាមមេបញ្ជាការនគរបាលវរៈការពារព្រំដែនគោកលេខ៩១១ លោកវរៈសេនីយ៍ឯក សូរ ចាន់រី បានបញ្ជាក់នៅថ្ងៃទី១៦​ ខែឧសភា​ ឆ្នាំ​២០២១ម្សិលមិញ​នេះថា៖ នៅចំណុចបង្គោលសីមា​លេខ៤៣ នៅចំណុចព្រំខាងលិចយាមការ (IND25 4966-1526344) ក្នុងវង្វង់ដីស្រែ ២២៦ហិកតា មាន ២ហិកតា ក្នុងតំបន់ស រឺតំបន់មិនទាន់ច្បាស់លាស់ ដែលប្រជាពលរដ្ឋថៃ យកត្រាក់ទ័រ ១គ្រឿង បានចូលភ្ជួរ ហើយកម្លាំងឈរជើង តាមបន្ទាត់ព្រំដែន ចេញល្បាត ឃើញ ក៏បាន​ហាមឃាត់ និងអោយបញ្ឈប់សកម្មភាពជាបន្ទាន់ ព្រោះតំបន់ព្រំដែននោះ មិនទាន់ច្បាស់លាស់។

លោកមេបញ្ជាការរូបនេះ បន្តថា ក្រោយប្រជាពលរដ្ឋថៃ លួចចូលភ្ជួរស្រែ នៅតំបន់ស ដែលត្រូវបានហាមឃាត់ និងបញ្ឈប់សកម្មភាពភ្ជួរហើយ បច្ចុប្បន្ន​កម្លាំងនគរបាលវរៈការពារព្រំដែនគោក លេខ៩១១ កំពុងបន្តឃ្លាំមើល និងយកចិត្តទុកដាក់ការពារបូរណភាពទឹកដី មិន​អោយមានការឈ្លានពាន។

ដោយ​ឡែក​ជុំវិញបញ្ហានេះដែរ​ អភិបាលស្រុកអូរជ្រៅ លោក លី សុវណ្ណារិទ្ធ បានបញ្ជាក់ថា ប្រជាពលរដ្ឋថៃ តែងតែឆ្លៀតឱកាស លួចចូលភ្ជួរលើតំបន់មិនទាន់ច្បាស់លាស់ រឺជាតំបន់ស ហើយជាការកោតសសើរចំពោះកងកម្លាំង ដែលកំពុងឈរជើងការពារបូរណភាពទឹកដី ដែលបានហាមឃាត់ទាន់ពេល នៅពេលប្រជាពលរដ្ឋថៃ លួចចូលភ្ជួរដីស្រែ ក្នុងតំបន់ស។

បន្ថែមពីនេះ​ លោក លី សុវណ្ណារិទ្ធ ក៏បានណែនាំដល់កងកម្លាំង និងអាជ្ញាធរសមត្ថកិច្ច ត្រូវបង្កើនការយកចិត្តទុកដាក់ ការពារឲ្យបាននូវបូរណភាពទឹកដី​របស់យើង​ផងដែរ​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print