ខេត្តរតនគិរី÷ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី ១៨ ខែឧសភា បានធ្វើការច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតថារដ្ឋបាលខេត្តបានបិទផ្សារបានលុងកាលពីយប់ថ្ងៃទី១៦ ខែឧសភា។
ការបដិសេធបែបនេះ កើតមានឡើងបន្ទាប់ពីគណនីហ្វេសប៊ុក ឈ្មោះ ថៅ ឈាងហ៊ បានបង្ហោះផ្សព្វផ្សាយព័ត៌មានថា “បិទផ្សារបានលុងហើយយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១”។
រដ្ឋបាលខេត្តរតនគិរីបញ្ជាក់ថា មិនមានករណីបិទផ្សារបានលុង ដូចការលើកឡើងនោះឡើយ ដោយបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ចាប់ពីម៉ោង ៩៖០០ នាទីយប់នៅក្នុងផ្សារបានលុងក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានចុះយកសំណាកដោយប្រើឧបករណ៍តេស្តរហ័ស លើអ្នកពាក់ព័ន្ធនិងអ្នកវិជ្ជមានជំងឺកូវីដ១៩ ឈ្មោះ នាង ម៉ាត់ ភេទប្រុស ជនជាតិខ្មែរ បន្ទាប់ពីបានទទួលព័ត៌មានថា បុរសវិជ្ជាមានរូបនេះធ្លាប់បានទិញឥវ៉ាន់ តាមរយះម៉ូតូដឹកនិងលក់ទំនិញទៅតាមម៉ូតូ(ចំការ)នាពេលកន្លងមក។
ដោយសារអ្នករកស៉ីដឹកនិងលក់ឥវ៉ាន់តាមភូមិមានច្រើន ដូច្នេះដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវកូវីដ១៩ ចាំបាច់អាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្តវិធានសុខាភិបាល ដោយអញ្ជើញអ្នករកទទួលទានលក់បន្លែ និងអ្នកដឹក និងអ្នកលក់តាមម៉ូតូទាំងអស់ចំនួន៣០១នាក់ នៅផ្សារបានលុង មកធ្វើតេស្តរហ័ស ជាលទ្ធផល គឺអវិជ្ជាមានទាំងអស់។
អាជ្ញាធរស្នើឲ្យម្ចាស់គណនីហ្វេសប៊ុកដែលបានចុះផ្សព្វផ្សាយខាងលើនេះ កែតម្រូវឡើងវិញ និងសូមឲ្យសមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវរកអ្នកផ្តល់ព័ត៌មានបំផ្លើសការពិតនេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ៖ សូរិយា