ជនងាយរងគ្រោះ ជនជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ៣០គ្រួសារ នៅសង្កាត់បឹងត្របែក ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា និងជនពិកាចំនួន៣០គ្រួសារ រស់នៅក្នុងសង្កាត់បឹងត្របែក បានទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ក្រោមវត្តមានលោក ថេង សុថុល អភិបាលខណ្ឌ និងជាអនុប្រធានសាខាកាកបាទក្រហមខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានកិត្តិយសអនុសាខា ហើយមានការអញ្ជើញចូលរួមពីអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, ប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ និងចៅសង្កាត់បឹងត្របែកផងដែរ ។

លោក ថេង សុថុល បានថ្លែងថា ប្រជាពលរដ្ឋជនចាស់ជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ត្រូវបានចាត់ទុកថា ជាមុខសញ្ញាងាយរងគ្រោះ ហើយក៏ជាមុខសញ្ញា ត្រូវសង្រ្គោះជាបន្ទាន់ ដែលត្រូវទទួលបានអំណោយនៅពេលនេះ ដើម្បីជាការដោះស្រាយជីវភាព ក្នុងអំឡុងពេលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩ ។

ជាមួយគ្នានេះ លោក ថេង សុថុល បាននាំមកនូវផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក។ លោកថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។

លោកអភិបាលខណ្ឌ បានថ្លែងថា ថ្ងៃនេះទោះបីជំងឺកូវីដ១៩ មានការថមថយចុះបន្តិចក្តី ហើយមានអ្នកជាសះស្បើយច្រើនក៏ដោយ ក៏លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បង្កេីនការប្រុងប្រយ័ត្នបន្ថែមទៀត ជាពិសេស សូមគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេស សូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ១៩ គឺ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា។

នាយករដ្ឋបាលខណ្ឌចំការមន លោក សុន សិទ្ធី បានបញ្ជាក់ថា អំណោយដែលចែកជូននាពេលនេះ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ០១កេស, ទឹកត្រី ០១យួរ, ទឹកស៊ីអ៉ីវ ០១យួរ, ត្រីខ ០១យួរ, ម៉ាស់ ២៥សន្លឹក និងថវិកា ២០,០០០រៀលផងដែរ ៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print